ក្លិបនៅវៀតណាមមួយ ប្ដូរចិត្តម្ដងលេង ម្ដងដកខ្លួនពីលីគ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុដោយសារកូវីដ-១៩

មាស សុផាណារ៉ុង August 7, 2020


 

វៀតណាម៖ ក្លិប Thanh Hoa FC បានធ្វើការប្តូរចិត្តមួយថ្ងៃបន្ទាប់ពីការប្រកាសថាពួកគេបានដកខ្លួនចេញពីលីគកំពូលវៀតណាម រដូវកាល២០២០ ចាប់តាំងពីលីគម្ដងលេង ម្ដងផ្អាក គឺបណ្តាលឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុក្លិប។

ប្រធានរបស់ពួកគេគឺលោក Nguyen Van De បាននិយាយថា៖ «យើងនឹងបន្តទៀត។ គ្រូបង្វឹក និងកីឡាករទាំងអស់នឹងមិនត្រឡប់ទៅផ្ទះទៀតឡើយ។ ពួកគេត្រលប់មកហ្វឹកហាត់វិញហើយ។»

កាលពីថ្ងៃពុធ ក្លិបបានសរសេរលិខិតទៅសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមហ៊ុនលីគបាល់ទាត់វៀតណាម (VPF) ថាពួកគេនឹងឈប់លេងនៅឆ្នាំនេះ ចាប់តាំងពីការពន្យារពេលលីកចំនួន ៣លើកមកទល់ពេលនេះបានបង្កបញ្ហាហិរញ្ញវត្ថុ។

ដោយពន្យល់ពីការផ្លាស់ប្តូរគំនិត លោក De បាននិយាយថាបន្ទាប់ពីពួកគេបានផ្ញើឯកសាររួចមកនាយកប្រតិបត្តិ VFF និង VPF បានទូរស័ព្ទមកពួកគេហើយបាននិយាយថាពួកគេនឹងរៀបចំការប្រជុំមួយនៅសប្តាហ៍ក្រោយដើម្បីឲ្យក្លិបពិភាក្សា និងស្វែងរកដំណោះស្រាយរួម។

បន្ទាប់ពីការប្រកួតលីគកំពូលវៀតណាម បាន ១១ប្រកួត ក្លិប Thanh Hoa កំពុងឈរនៅលេខ៨ ក្នុងតារាងចំណាត់ថ្នាក់ មាន ១៤ពិន្ទុ។

កាលពីមុនមានក្លិបជាច្រើនទៀតដូចជា Quang Nam, Song Lam Nghe An និង Nam Dinh ក៏បានអំពាវនាវឱ្យកាត់បន្ថយការប្រកួតលីគឲ្យខ្លីជាងមុន ដោយហេតុផលហិរញ្ញវត្ថុ។

លីគបាល់ទាត់វៀតណាម បានប្រកាសផ្អាកកាលពីចុងខែកក្កដា បន្ទាប់ពីរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ រលកទី២ ខ្លាំងជាងមុន ដែលនេះជាលើកទី២ ហើយដែលការប្រកួតបាល់ទាត់វៀតណាមត្រូវបានផ្អាក។ នៅខែមីនាបន្ទាប់ពីសប្ដាហ៍ទី២ នៃ V.League បានបញ្ចប់ ការប្រកួតត្រូវបានបញ្ឈប់ជាលើកដំបូងក្រោមការចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ ក្រុមទាំងអស់ឈប់សម្រាកលើសពី ៤០ថ្ងៃមុនពេលវិលត្រឡប់នៅដើមខែមិថុនា៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់