បាល់ទាត់វៀតណាម បន្តផ្អាកការប្រកួត ៧កម្មវិធីផ្សេងទៀត ដើម្បីការពារកូវីដ-១៩ ដែលកំពុងរាតត្បាតជាថ្មី

មាស សុផាណារ៉ុង August 5, 2020


 

វៀតណាម៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់ការរៀបចំការប្រកួតចំនួន ៧កម្មវិធីជាបណ្តោះអាសន្នដើម្បីពង្រឹងការការពារទល់នឹងជំងឺកូវីដ-១៩។

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បាននិយាយថាលីគមិនអាជីពចំនួន៧ ត្រូវបានផ្អាករួមមាន៖ ពានថ្នាក់ជាតិ កម្រិតទី២, ពានរង្វាន់អាយុក្រោម ១៥ឆ្នាំ, ពានរង្វាន់អាយុក្រោម ១៧ឆ្នាំ, ពានរង្វាន់នារីអាយុក្រោម ១៦ឆ្នាំ, ជើងឯកនារី ថ្នាក់ជាតិ, បាល់ទាត់ឆ្នេរខ្សាច់, ពានយុវជន និងកុមារ។

កន្លងមកលីគអាជីពចំនួន៣ រួមមាន លីគកំពូលវៀតណាម (V.League), លីគលំដាប់ទី២ (First Division) និងពានរង្វាន់ខាប់ (National Cup) ត្រូវបានសម្រេចពន្យាពេលដោយសារផលប៉ះពាល់នៃស្ថានភាពរាតត្បាត។

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក៏បានបញ្ជាក់ពីការពន្យារពេលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដល់ឆ្នាំ២០២១ ផងដែរ ខណៈការប្រកួតជម្រុះបាល់ទាត់ពិភពលោក សម្រាប់ឆ្នាំ២០២២ ដែលគ្រោងធ្វើឡើងនៅខែតុលា និងខែវិច្ឆិកា ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យផងដែរ។

នេះជាលើកទី២ នៅឆ្នាំ២០២០ ដែលបាល់ទាត់វៀតណាម គ្រប់កម្រិតត្រូវបានផ្អាកដោយសារផលប៉ះពាល់នៃការរាលដាលជំងឺកូវីដ-១៩ ការផ្អាកចុងក្រោយទាំងការប្រកួតលីគវៀតណាមគ្រប់កម្រិត និងការប្រកួតដទៃទៀតត្រូវបញ្ឈប់អស់រយៈពេលជាង ២ ខែ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់