កូនកាត់ថៃ-អង់គ្លេសមួយរូប រំពឹងបានបង្ហាញខ្លួននៅ Premire League ក្រោយ Fulham បានឡើងលីគកំពូលអង់គ្លេសជាថ្មី

មាស សុផាណារ៉ុង August 5, 2020


 

អង់គ្លេស៖ ខ្សែបម្រើកូនកាត់ថៃ-អង់គ្លេស Benjamin James Davis ត្រូវបានគេដាក់ក្ដីរំពឹងថាអាចចូលរួមបង្ហាញខ្លួននៅក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) បន្ទាប់ពីក្រុមដែលគេកំពុងប្រកបអាជីពជាមួយ ក្លិប Fulham បានកៅអីឡើងមកលីគកំពូល សារជាថ្មី។

Fulham បានឡើងមកលីគកំពូលអង់គ្លេសសារជាថ្មី បន្ទាប់ពីបានយកឈ្នះ Brentford ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង លទ្ធផល ២ទល់១ ក្នុងវគ្គ Play-off ដើម្បីដណ្ដើមកៅអីឡើងមកលេងនៅ Premier League រដូវកាល ២០២០-២០២១។

ពីរឿងនេះបានជះឥទ្ធិពលដោយផ្ទាល់ដល់ Ben Davis ជាកីឡាករកូនកាត់ថៃ-អង់គ្លេស (លេងឲ្យជម្រើសជាតិថៃ អាយុក្រោម ២៣ឆ្នាំ) ដែលទើបតែបន្តកុងត្រាថ្មីជាមួយ Fulham។ ក្ដីសុបិនចង់លេងនៅ Premier League ហើយការដែល Fulham បានត្រឡប់មកកាន់ Premier League វិញ បានផ្តល់ឱកាសឲ្យ Benjamin Davis ធ្វើឱ្យសុបិននោះក្លាយជាការពិត។

សម្រាប់ Benjamin James Davis ដែលបានលេងនៅក្រុម U-23 របស់ Fulham កាលពីរដូវកាលមុន ជាមួយនឹងការបង្ហាញខ្លួន ១២លើក ទាត់បាល់បញ្ចូលទីបាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ២ដង មុនការប្រកួតនៅក្របខណ្ឌ Premier League 2 (សម្រាប់កម្រិតអាយុក្រោម ២៣ឆ្នាំ) ត្រូវបានលុបចោលវិញបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

Benjamin James Davis គឺមានម្ដាយជាជនជាតិថៃ ឪពុកជាជនជាតិអង់គ្លេស និងបានកើតនៅប្រទេសថៃ ដើមឡើយគឺបានជ្រើសរើសយកលេងតំណាងឲ្យក្រុមជម្រើសជាតិសិង្ហបុរី កាលពីនៅជាឈុតយុវជន បាន ២ឈុត (U-15 និង​ U-19) ដោយសាររូបគេបានផ្លាស់ទៅរស់នៅ និងសិក្សានៅសិង្ហបុរី តាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ រហូតដល់ឆ្នាំ២០១៦ ក៏បានផ្លាស់ទៅសិក្សានៅអង់គ្លេស មុនទទួលបានអាហារូបករណ៍ចូលហ្វឹកហាត់ជាមួយក្រុមយុវជន Fulham នៅឆ្នាំ២០១៧ រហូតត្រូវបានតម្លើងឈុតយុវជនជាបន្តបន្ទាប់ និងចុងក្រោយ U-23 Fulham ផ្ទាល់តែម្ដង និងមានឈ្មោះនៅក្រុមធំផងដែរ ធ្លាប់បង្ហាញខ្លួនបាន ១ប្រកួតក្នុង League Cup (Carabao Cup) កាលពីឆ្នាំ២០១៩ ក្នុងជំនួបដែលគេត្រូវបានគ្រូបង្វឹក លោក Scott Paker ផ្លាស់ប្ដូរចូលលេងបានប្រហែល ៥នាទី ទល់នឹង Southampton៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់