គ្រូឥណ្ឌូនេស៊ី ថា «បាល់ទាត់ឥណ្ឌូនេស៊ីមិនអាចអភិវឌ្ឍបានទេ ពេលដែលព្យាយាមប្រកួតតែក្នុងអាស៊ាន»

មាស សុផាណារ៉ុង July 30, 2020


 

ឥណ្ឌូនេស៊ី៖ ប្រធានគណៈកម្មាធិការជាតិកីឡាឥណ្ឌូនេស៊ី បានសម្តែងនូវក្តីសង្ឃឹមថាកីឡាករឥណ្ឌូនេស៊ី ក្រោមការដឹកនាំដោយលោក Shin Tae-yong នឹងខ្លាំង រួមទាំងស្មារតីប្រយុទ្ធដូចក្រុមជម្រើសជាតិកូរ៉េខាងត្បូង។

នៅពេលវិលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញដើម្បីកាន់ការងាររបស់លោក គ្រូបង្វឹក Shin Tae-yong បានជួបប្រជុំជាមួយមន្រ្តីជាច្រើន និងឥស្សរជនសំខាន់ៗនៃបាល់ទាត់នៅប្រទេសដែលសម្បូរដោយដីកោះរាប់ពាន់មួយនេះ។

នៅថ្ងៃទី២៨ ខែកក្កដា គ្រូបង្វឹក Shin រួមជាមួយអ្នកតំណាងស្ថានទូតកូរ៉េប្រចាំនៅឥណ្ឌូនេស៊ីបានធ្វើទស្សនកិច្ចនៅការិយាល័យគណៈកម្មាធិការជាតិកីឡាឥណ្ឌូនេស៊ី (KONI) នៅទីក្រុងហ្សាកាតា។

នៅពេលដែលលោកទទួលបន្ទុកជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Shin ពេញចិត្តក្នុងការអនុវត្តន៍រូបមន្តរបស់ក្រុមជម្រើសជាតិកូរ៉េ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០០២ ជាពិសេសវិធីសាស្រ្តនៃការហ្វឹកហាត់រាងកាយ និងការតាំងចិត្ត។ យោងទៅតាមសំដីរបស់គ្រូបង្វឹក Shin ថាកត្តាសម្រេចចិត្តក្នុងផែនការនេះត្រូវតែធ្វើដំណើរទៅបរទេស ដោយដុសខាត់នៅបរទេស។

លោក Shin Tae-yong ត្រូវបានស្រង់សម្តីថា៖ «បាល់ទាត់ឥណ្ឌូនេស៊ីមិនអាចអភិវឌ្ឍទៅបានទេ នៅពេលដែលកព្យាយាមប្រកួតតែនៅអាស៊ីអាគ្នេយ៍ វាត្រូវការប្រព័ន្ធដែលល្អ ចិត្តសាស្ត្រ និងកម្លាំងកាយសម្បទារបស់ឥណ្ឌូនេស៊ី ក៏ត្រូវការការកែលំអផងដែរ។ ការហ្វឹកហាត់ដ៏តឹងតែង កំពុងត្រូវបានរៀបចំសម្រាប់សិស្សរបស់ខ្ញុំផងដែរ។

បំណងប្រាថ្នារបស់ លោក Shin Tae-yong ត្រូវបានឆ្លើយតបជាវិជ្ជមានដោយប្រធានគណៈកម្មាធិការកីឡាជាតិឥណ្ឌូណេស៊ី។ លោកសង្ឃឹមថាអតីតប្រធានក្រុម នៃក្លិប Seongnam និងក្រុមជម្រើសជាតិកូរ៉េ អាចធ្វើឱ្យប្រសើរឡើងនូវក្រុមឥណ្ឌូនេស៊ី ដែលមិនសូវមានលទ្ធផលល្អនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

«ខ្ញុំចង់ឲ្យកីឡាករឥណ្ឌូនេស៊ីមានកម្លាំង និងខ្លាំងដូចគ្នានឹងក្រុមកូរ៉េដែរ។ ប្រជាជនឥណ្ឌូនេស៊ីទាំងអស់នឹងរួបរួមគ្នាគាំទ្រ គ្រូបង្វឹក Shin Tae-yong និសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍបាល់ទាត់ឥណ្ឌូនេស៊ី។

មិនត្រឹមតែជាមួយក្រុមជម្រើសជាតិប៉ុណ្ណោះទេ គ្រូបង្វឹក Shin Tae-yong ក៏ត្រូវបានគេរំពឹងថានឹងអាចផ្លាស់ប្តូរមុខមាត់ក្រុមផ្សេងទៀតដែលលោកទទួលបន្ទុកជាពិសេសជាមួយក្រុម U19 ឥណ្ឌូនេស៊ី ដែលទទួលបានសិទ្ធិចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA World Cup U-20) ដែលឥណ្ឌូនេស៊ី ត្រូវធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២១ ខាងមុខផងដែរ។

ក្រុមឥណ្ឌូណេស៊ី ទើបតែបញ្ចប់ការប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លីដំបូង (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកក្កដា)។ ទោះបីអស់ឱកាសក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២២ ក៏ដោយ ក៏សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) នៅតែតំរូវអោយគ្រូបង្វឹក Shin Tae-yong ផ្តោតរាល់ការប្រកួតដែលនៅសល់ក្នុងពូល G ជាពិសេសការប្រកួតជាមួយវៀតណាម៕

 

ប្រភព៖ Bola.news

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់