Bayern Munich គ្រោងមកប្រកួតមិត្តភាពជាមួយជម្រើសជាតិវៀតណាម

មាស សុផាណារ៉ុង July 30, 2020


 

វៀតណាម៖ ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich គ្រោងនឹងមកប្រទេសវៀតណាម ដើម្បីធ្វើការប្រកួតមិត្តភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម vnexpress.net

លោក Karl-Heinz Rummenigge ដែលជាអតីតកំពូលតារាឆ្នើមរបស់អាល្លឺម៉ង់ និងបច្ចុប្បន្នជាប្រធានក្លិប Bayern Munich បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធរណេតកាលពីថ្ងៃច័ន្ទថា៖ «យើងមានដៃគូជាច្រើននៅក្នុងប្រទេសវៀតណាម។ នេះគឺជាទីផ្សារដ៏សំខាន់មួយរបស់ក្រុម Bayern Munich។ យើងកំពុងព្យាយាមឲ្យមានការប្រកួតនៅទីនោះ។»

«ទោះបីខ្ញុំមិនដែលបានទៅប្រទេសវៀតណាមពីមុនក៏ដោយ ក៏ខ្ញុំបានឭរឿងអស្ចារ្យជាច្រើនអំពីប្រទេសនេះដែរ។ Beyern នឹងទៅវៀតណាម នាពេលដ៏ខ្លីខាងមុខ ពីព្រោះមានអ្នកគាំទ្រក្លិបជាច្រើននៅទីនោះ។» លោកបានបន្ត។

ក្រុម Bayern Munich កំពុងស្វែងរកការកសាងក្រុមអ្នកគាំទ្រនៅអាស៊ីអាគ្នេយ៍។ កាលពីខែមេសា និងឧសភា ពួកគេបានរៀបចំសន្និសីទសារព័ត៌មានតាមអ៊ិនធរណេត សម្រាប់អាស៊ី រួមទាំងប្រទេសវៀតណាមផងដែរ ដោយមានតារាឆ្នើមៗមួយចំនួនរបស់ពួកគេដូចជា Thomas Mueller និង Robert Lewandowski ចូលរួមផងដែរ។

កាលពីឆ្នាំ២០១៨ ក្រុមបាល់ទាត់ជម្រើសសជាតិនារីវៀតណាម បានធ្វើទស្សនកិច្ចនៅប្រទេសអាឡឺម៉ង់ ដើម្បីប្រកួតមិត្តភាពជាមួយ ក្រុមនារី Bayern ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាស៊ី។ ការប្រកួតបានបញ្ចប់ដោយលទ្ធផល ១-១។

ក្លិបល្បីៗ នៅលើពិភពលោកមួយចំនួនធ្លាប់បានមកប្រទេសវៀតណាម ដើម្បីប្រកួតបែបទេសចរ មានដូចជា Juventus នៅឆ្នាំ១៩៩៦, Arsenal ក្នុងឆ្នាំ២០១៣ និង Manchester City នៅឆ្នាំ២០១៥៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់