៧៧% នៃអាជ្ញាកណ្តាលមានកំហុសក្នុងការកាត់សេចក្ដីនៅលីគកំពូលវៀតណាម

មាស សុផាណារ៉ុង July 29, 2020


 

វៀតណាម៖ គណៈកម្មាធិការអាជ្ញាកណ្តាល VFF បានស្នើវិធីមួយដើម្បីកាត់បន្ថយកំហុសរបស់អាជ្ញាកណ្តាល ដោយការអញ្ជើញអ្នកចិត្តវិទ្យាដូចវគ្គបណ្តុះបណ្តាលរបស់ AFC និង FIFA។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន zingnews.vn

ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលលោក Duong Van Hien បានចែករំលែកនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ នៅរសៀលថ្ងៃទី២៨ ខែកក្កដា នេះថា “អាជ្ញាកណ្តាលប្រឈមនឹងការមានកំហុសមួយចំនួន។ ខ្ញុំជាប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល ដូច្នេះត្រូវតែទទួលខុសត្រូវចំពោះអាជ្ញាកណ្តាលដើម្បីអនាគតកាន់តែប្រសើរ។

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ក្រុមប្រឹក្សាប្រតិបត្តិ VFF បានធ្វើសន្និសិទសារព័ត៌មានដើម្បីពិភាក្សាអំពីផែនការនាពេលខាងមុខ។ លោក Duong Van Hien ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានទទួលសំណួររបស់អ្នកសារព័ត៌មានជាបន្តបន្ទាប់។ លោកបានទទួលខុសត្រូវ និងរៀបចំផែនការរយៈពេលខ្លី និងវែងដើម្បីបណ្តុះបណ្តាលអាជ្ញាកណ្តាល។

«ក្រុមប្រឹក្សាភិបាលអាជ្ញាកណ្ដាល (VFF) នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅដំណាក់កាលទី២ នៃរដូវកាលនេះ។ យើងនឹងអញ្ជើញអ្នកចិត្តសាស្រ្តបន្ថែមមួយចំនួនដើម្បីជួយដល់អាជ្ញាកណ្តាលអំឡុងពេលហ្វឹកហាត់រយៈពេលយូរជាងនេះតាមវិធីសាស្រ្តរបស់ FIFA និង AFC។ គេរំពឹងថាការធ្វើលំហាត់ នៅខាងក្រៅទីលាននឹងត្រូវបានពង្រឹង។»

យោងតាមទិន្ន័យរដូវកាលឆ្នាំ២០១៩ ៧៧% នៃអាជ្ញាកណ្តាលបានធ្វើឲ្យមានកំហុសនៅលីគកំពូល, ៧៤% នៃអាជ្ញាកណ្តាលបានធ្វើខុសនៅលីគទី២។ លើសពីនេះទៅទៀតជំនួយការអាជ្ញាកណ្ដាល ចំនួន ៦១% និង ៣៦% នៃលីគទាំង២ នៅវៀតណាម បានកាត់សេចក្ដីខុសកាលពីរដូវកាលមុន៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់