ប្រទេសក្នុងអាស៊ានជាច្រើនយល់ព្រមចំពោះការពន្យារពេលប្រកួត Suzuki Cup លើកលែងតែវៀតណាម

មាស សុផាណារ៉ុង July 29, 2020


 

អាស៊ីអាគ្នេយ៍៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ siamsport បានបញ្ជាក់ថា ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឆ្លើយអូខេ ចំពោះការពន្យារពេលប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់ (AFF Suzuki Cup) ឆ្នាំ២០២០ ទៅប្រកួតឆ្នាំ២០២១ លើកលែងតែវៀតណាម ដែលបានបដិសេធ។

ការប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឬគេនិយមស្គាល់ ឬហៅថា (AFF Suzuki Cup) ឆ្នាំ២០២០ បានកំណត់កម្មវិធីប្រកួតអំឡុងថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចាប់តាំងពីពេលមុនពេលមានជំងឺរាតត្បាតពាសពេញពិភពលោក (កូវីដ-១៩) ថ្មីៗនេះមានការពិភាក្សាបឋមអំពីការប្រកួតពានរង្វាន់នេះ ថាតើត្រូវបន្តការប្រកួតប្រជែងដូចកាលវិភាគដើម ឬយ៉ាងណា និងប្រសិនបើមិនអាចប្រកួតបាន វានឹងត្រូវពន្យារពេលទៅប្រកួតនៅឆ្នាំក្រោយ (២០២១)។

នៅក្នុងកិច្ចប្រជុំចុងក្រោយរវាងសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលនៅតែមិនធូរស្រាលដោយលើកឡើងថា ការប្រកួតគួរតែត្រូវបានពន្យារពេលនៅឆ្នាំក្រោយ។

យ៉ាងណាក៏ដោយតំណាងប្រទេសវៀតណាម មិនយល់ស្របនឹងសំណើរនេះឡើយ ព្រោះលោកសំអាងថាឆ្នាំក្រោយមានកម្មវិធីបាល់ទាត់ដ៏មមាញឹក ដែលរួមមានការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំតំបន់អាសុី និងការប្រកួតសំខាន់ជាមួយកម្មវិធីប្រកួតប្រជែងធំជាងមុនមួយចំនួនទៀត

សម្រាប់ពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងស្របតាមកម្មវិធីដើម ឬអត់ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងមានកិច្ចប្រជុំពិភាក្សាគ្នានៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតនៅជុំទី២ នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់