ម្ចាស់ក្លិបលីគកំពូលបែលហ្ស៊ិក រំពឹង Luqman នឹងក្លាយជាកីឡាករគំរូសម្រាប់យុវជនមា៉ឡេស៊ីជំនាន់ក្រោយ

មាស សុផាណារ៉ុង July 28, 2020


 

បែលហ្ស៊ិក៖ ការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងរបស់ម៉ាឡេស៊ី Luqman Hakim Shamsudin ទៅក្រុមនៅលីគកំពូលបែលហ្ស៊ិក គឺ KV Kortrijk (KVK) មិនមែនគ្រាន់តែជា «ការរៀបចំងាយស្រួល» ប៉ុណ្ណោះទេ។ ម្ចាស់ក្លិប KVK លោក Tan Sri Vincent Tan បាននិយាយថា គេបានបង្កើតគំរូមួយដែលនឹងធ្វើឱ្យ Luqman កាន់តែមានភាពពាក់ព័ន្ធ និងការគិតនៅពេលគេពាក់អាវ KVK។

គំរូនេះទាក់ទងនឹងសកម្មភាពទាំងក្នុង និងនៅខាងក្រៅទីលាន ដូចជាថ្នាក់ភាសាអង់គ្លេស ដូច្នេះ Luqman អាចទំនាក់ទំនង និងប្រាស្រ័យទាក់ទងជាមួយមិត្តរួមក្រុម បុគ្គលិកបច្ចេកទេស និងសូម្បីតែប្រជាជនក្នុងតំបន់របស់គេ។

លោក Tan ចង់ធានាថាកីឡាករ Luqman ដែលកើតនៅ Kelantan ទទួលបានការសម្របខ្លួនបានយ៉ាងលឿននៅអឺរ៉ុប ហើយបន្ទាប់មកកំណត់និន្នាការ និងគោលសម្រាប់កីឡាករម៉ាឡេស៊ីផ្សេងទៀត។

លោក Tan ដែលជាម្ចាស់ក្រុមអង់គ្លេស Cardiff City ផងដែរនោះ បាននិយាយថា៖ «ខ្ញុំមានផែនការជាច្រើនសម្រាប់ Luqman នៅពេលដែលគាត់មកដល់បែលហ្សិក។ ខ្ញុំនឹងចូលរួមដោយផ្ទាល់។ នៅពេលដែល Luqman មានតម្លៃខ្លួន វានឹងបើកទ្វារឲ្យកីឡាករម៉ាឡេស៊ីផ្សេងទៀតចង់មកអឺរ៉ុប។ ខ្ញុំមិនចង់អោយរឿងនេះគ្រាន់តែជាការហ្វឹកហាត់សម្រាប់ Luqman នោះទេ។ គាត់គួរតែមានភាពចាស់ទុំក្នុងនាមជាកីឡាករ សូម្បីតែនៅក្នុងក្រុម KVK។ ក្រុមជម្រើសជាតិម៉ាឡេស៊ី។»

Luqman ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសបែលហ្ស៊ិកនៅដើមខែក្រោយ បន្ទាប់ពីត្រូវបានក្រសួងការបរទេសម៉ាឡេស៊ី ចេញលិខិតអនុញ្ញាតកាលពីថ្ងៃសុក្រសប្តាហ៍មុន។

«ការមកដល់របស់ Luqman នៅ KVK នឹងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមប្រជាជនម៉ាឡេស៊ីដែលរស់នៅក្នុងតំបន់នោះ ហើយនេះគឺជារឿងល្អសម្រាប់ប្រទេសទាំងពីរ។ ដូចដែលខ្ញុំបាននិយាយពីមុន Luqman ស្ថិតនៅបែលហ្ស៊ិកដោយពាក់ឈ្មោះប្រទេសម៉ាឡេស៊ីនៅលើដៃអាវរបស់គេ។ ខ្ញុំចង់អោយគេផ្តោតអារម្មណ៍ និងក្លាយជាជម្រើសទៀងទាត់សម្រាប់ក្លិប KVK។» លោក Tan បានបន្ត។

Luqman គឺជាទេពកោសល្យវ័យក្មេងម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងទាំង ៨០នាក់នៅជុំវិញពិភពលោក ដែលត្រូវបានចុះបញ្ជីជាបឋមសម្រាប់ពានរង្វាន់ Golden Boy ឆ្នាំនេះ ដែលត្រូវបានបង្ហាញដោយកាសែតអ៊ីតាលី Tuttosport។ មុននេះគេក៏ បានចុះបញ្ជីឈ្មោះប្រចាំឆ្នាំរបស់សារព័ត៌មាន Guardian សម្រាប់អ្នកជំនាន់ក្រោយ ៦០នាក់ ដែលជាកីឡាករមានទេពកោសល្យវ័យក្មេងល្អបំផុតរបស់ពិភពលោក ផងដែរ៕

 

ប្រភព៖ new strait times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់