អ៊ូបេគីស្ថាន បន្តពន្យាពេលលីគបាល់ទាត់ ខណៈសល់ ៧៧ថ្ងៃ AFC U-19 នឹងត្រូវចាប់ផ្ដើម

មាស សុផាណារ៉ុង July 28, 2020


 

អ៊ូបេគីស្ថាន៖ ការពន្យាពេលនៃលីគបាល់ទាត់អ៊ូបេគីស្ថាន (Super League) បានបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា។ នេះបើយោងតាមសារព័ត៌មាន ក្នុងប្រទេសអ៊ូបេគីស្ថាន។

អ្នកគាំទ្រនៃលីគកំពូលអ៊ូបេគីស្ថាន ត្រូវបានប្រឈមមុខជាមួយនឹងការរង់ចាំបន្តទៀត ដើម្បីស្វាគមន៍បាល់ទាត់ត្រឡប់មកវិញបន្ទាប់ពីការពន្យារយៈពេលមួយសប្តាហ៍នៃការប្រកួត ត្រូវបានពន្យារដល់ថ្ងៃទី១៥ ខែសីហា ដោយសារតែកូវីដ-១៩ កាលពីថ្ងៃច័ន្ទ។

ដំបូងការពន្យាពេលមួយសប្តាហ៍មានរយៈពេលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដា ការសម្រេចថ្មីត្រូវបានបន្តដល់ថ្ងៃទី០៣ ខែសីហា ដោយការប្រកួតត្រូវបានគេគ្រោងនឹងលេងនៅទឹកដីកណ្តាល នៃទីប្រជុំជននៅ Tashkent ប៉ុន្តែផែនការនោះក៏ត្រូវបានគេពង្រីកដែលនាំឱ្យមានការពន្យារពេលយូរជាងនេះ ខណៈកីឡាករនៅលីគកំពូលលីគអ៊ូបេគីស្ថាន មួយចំនួនបានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការនេះក៏អាចនឹងជាមន្ទិលសង្ស័យដល់ប្រកួតដណ្ដើមពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ទំនងអាចនឹងមិនធ្វើទៅបានឡើយនៅឆ្នាំ២០២០ នេះ បន្ទាប់ប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះអ៊ូបេគីស្ថាន បានប្រកាសបិទប្រទេសជាលើកទី២ កាលពីពេលថ្មីៗនេះក្រោយជំងឺកូវីដ-១៩​ នៅប្រទេសរាលដាលជាថ្មី។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន ហើយ​ U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) មកពីប្រអប់ទី១ ក្រុម U-19 ឥណ្ឌូនេស៊ី ដែលស្ថិតនៅប្រអប់ទី២ និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ មកពីប្រអប់ទី៤។

និយាយពីស្ថានភាពកូវីដ-១៩​ នៅអ៊ូបេគីស្ថាន គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឆ្លងសរុប ១៣,១៩៣នាក់ និងមានស្លាប់ ៦១នាក់ និងក៏មានព្យាបាលជា ៧,៨៥២នាក់ នៅសល់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប ៥,២៨០នាក់៕

 

ប្រភព៖ THE AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់