លីគកំពូលវៀតណាម សម្រេចផ្អាកជាថ្មី ក្រោយការរកឃើញមានករណីឆ្លងកូវីដ-១៩ ប៉ុន្មានថ្ងៃចុងក្រោយ

មាស សុផាណារ៉ុង July 27, 2020


 

វៀតណាម៖ ការប្រកួតសប្ដាហ៍ទី១២ នៃលីគកំពូលវៀតណាម (V.League) ឆ្នាំ២០២០ នឹងមិនអាចធ្វើទៅបានដូចការគ្រោងទុកទេដោយសារការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

គណៈកម្មការលីគបាល់តាត់អាជីពរបស់វៀតណាម (VPF) មានការប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី២៦ ខែកក្កដា។ ខ្លឹមសារនៃកិច្ចប្រជុំវិលជុំវិញការព្យួរលីគបាល់ទាត់វៀតណាមទាំងលីគកំពូល V.League, លីគទី២ National First Division និងពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេស National Cup។

ប្រធាន VPF លោក Tran Anh Tu បានបញ្ជាក់ពីព័ត៌មាននេះ។ ដូច្នោះ ៧ប្រកួតនៅសប្ដាហ៍ទី១២ នៃ V.League និង ៦ប្រកួត នៅនៅលីគទី២ គ្រោងធ្វើនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដានឹងត្រូវពន្យារពេល។ ពេលវេលាត្រឡប់មកវិញជាក់លាក់នឹងត្រូវបានសំរេចបន្ទាប់ពីអាជ្ញាធរអនុញ្ញាតឱ្យមានសកម្មភាពកីឡាកើតឡើងជាធម្មតា។

នេះជាលើកទី២ ហើយដែលការប្រកួតបាល់ទាត់វៀតណាមត្រូវបានផ្អាក។ នៅខែមីនាបន្ទាប់ពីសប្ដាហ៍ទី២ នៃ V.League បានបញ្ចប់ ការប្រកួតត្រូវបានបញ្ឈប់ជាលើកដំបូងក្រោមការចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ ក្រុមទាំងអស់ឈប់សម្រាកលើសពី ៤០ថ្ងៃមុនពេលវិលត្រឡប់នៅដើមខែមិថុនា។

គួរដឹងដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា គណៈកម្មាធិការប្រជាជន ទីក្រុងដាណាង បានចេញលិខិតផ្លូវការ ស្តីពីការអនុវត្តវិធានការណ៍ជាបន្ទាន់ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបញ្ជាក់ថា៖ «បញ្ឈប់ជាបណ្តោះអាសន្ននូវសកម្មភាពពិធីបុណ្យ ពិធីសាសនា ការប្រកួតកីឡា ព្រឹត្តិការណ៍នានាដែលមានមនុស្សកុះករ ប្រជាជននៅតាមទីសាធារណៈពហុកីឡដ្ឋាននិងព្រឹត្តិការណ៍ធំៗ ដែលមិនចាំបាច់។»

 

ប្រភព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់