សមាជិក U-19 ម៉ាឡេស៊ី Luqman ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីប្រជែងពានរង្វាន់ Golden Boy ជាមួយកីឡាករលំដាប់ពិភពលោក

មាស សុផាណារ៉ុង July 21, 2020


 

ម៉ាឡេស៊ី៖ ខ្សែប្រយុទ្ធនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៩ឆ្នាំ កីឡាករ Luqman Hakim Shamsudin ត្រូវបានគេជ្រើសរើសបញ្ចូលក្នុងបញ្ជីប្រជែងពានរង្វាន់ Golden Boy Award។

កីឡាករវ័យ ១៨ឆ្នាំដែលមានឈ្មោះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់វ័យក្មេងឆ្នើមទាំង ៦០នាក់នៅលើពិភពលោក របស់សារព័ត៌មាន Guardian’s កាលពីឆ្នាំមុន បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ ៨០រូបដែលមានទាំងតារាបាល់ទាត់ល្បីៗកំពុងលេចធ្លោផងដែរ។

កីឡាករដែលត្រូវបានជ្រើសរើសផ្សេងទៀតគឺរួមមាន Mason Greenwood របស់ Manchester United, Alphonso Davies របស់ Bayern Munich, Callum Hudson-Odoi របស់ Chelsea, Ansu Fati របស់ Barcelona, ​​Phil Foden របស់ Manchester City, Daniel Maldini របស់ AC Milan (កូនប្រុសរបស់អតីតខ្សែការពារសញ្ជាតិអ៊ីតាលី Paolo Maldini), Bukayo Saka របស់ Arsenal និងដៃគូខាងលើទាំង២ របស់ Borussia Dortmund កីឡាករ Jadon Sancho និង Erling Haaland ជាដើម។

ក្រៅពី Luqman ដែលទើបតែចូលរួមជាមួយក្រុមលីគកំពូលបែលហ្ស៊ិក (KV Kortrijk) កីឡាករដែលមានដើមកំណើតអាស៊ីផ្សេងទៀតនៅក្នុងបញ្ជីនោះរួមមាន Takefusa Kubo (Real Mallorca) របស់ជប៉ុន, Yukinari Sugawara (AZ Alkmaar) និង Lee Kang-in (Valencia) របស់កូរ៉េខាងត្បូង។

 

View this post on Instagram

 

Who will win the 2020 Golden Boy Award ⁉️

A post shared by 433 (@433) on

Luqman ដែលជាកីឡាករដែលបានបញ្ចប់ការសិក្សាកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ជាតិ (ម៉ាឡេស៊ី) ហើយកាលពីឆ្នាំ២០១៨ គេបានឈ្នះស្បែកជើងមាស ដោយរកបាន ៥គ្រាប់ក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ (AFC U-16 Championship 2018) ដែលពេលនោះម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។

កីឡាកររូបនេះ ក៏ដើរតួសំខាន់ក្នុងការប្រកួតជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 qualifiers) ពូល G នៅកម្ពុជា កាលពីឆ្នាំមុនផងដែរ ដោយរកបាន ៥គ្រាប់ ក្នុងនោះមួយគ្រាប់ទាត់ចូលកម្ពុជា ពាក់កណ្ដាលតារាង នាំក្រុមឲ្យឈរកំពូលតារាងក្នុងពូល។

Luqman នឹងដឹកនាំក្រុមចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ នៅពានរង្វាន់ដដែលខាងលើ នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

នៅក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌអាស៊ាន អាយុក្រោម ១៨ឆ្នាំ (AFF U-18) កាលពីឆ្នាំមុន Luqman បានទាត់បាល់បញ្ចូលទីបាន ៤គ្រាប់ នាំឲ្យម៉ាឡេស៊ី ឡើងវគ្គផ្តាច់ព្រ័ត្រ តែចាញ់អូស្ត្រាលី ១-០។

ចំពោះកម្មវិធីពានរង្វាន់ Golden Boy Award បញ្ជីឈ្មោះកីឡាករ ៨០នាក់នឹងត្រូវជម្រុះមកនៅត្រឹម ២០នាក់ ដោយការបោះឆ្នោតជាសាធារណៈ មុនពេលក្រុមអ្នកកាសែតចំនួន ៤០នាក់មកពីប្រទេសផ្សេងៗគ្នា និងការប្រកាសអ្នកឈ្នះទាំងមូល ដែលត្រូវបានបង្ហាញដោយកាសែតកីឡាអ៊ីតាលី Tuttosport។

ពានរង្វាន់ Golden Boy Award នេះត្រូវបានទទួលស្គាល់គួរឲ្យចាប់អារម្មណ៍ ខណៈកីឡាករល្បីៗជាច្រើនរូបដែលធ្លាប់ឈ្នះកន្លងមករួមមាន Wayne Rooney, Lionel Messi, Cesc Fabregas, Sergio Aguero, Paul Pogba, Raheem Sterling, Kylian Mbappe និង Joao Felix (ចុងក្រោយគេ) ជាដើម៕

 

ប្រភព៖ new strait times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់