U-19 អ៊ីរ៉ង់ បង្ហាញសញ្ញាមិនច្បាស់លាស់ពីគ្រូបង្វឹក ក្រោយចេញឈ្មោះគ្រូបង្វឹកថ្មី ១រូបទៀត

មាស សុផាណារ៉ុង July 20, 2020


 

អ៊ីរ៉ង់៖ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ ត្រូវបានសារព័ត៌មានក្នុងស្រុករបស់ខ្លួន បានបង្ហាញមុខគ្រូបង្វឹកថ្មី ១រូប ដែលគេទទួលស្គាល់ថាជាគ្រូ និងធ្លាប់ជាកីឡាករមានបទពិសោធន៍ដើម្បីដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship) ឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលា ប៉ុន្តែថ្មីៗនេះ មានការចេញមុខគ្រូថ្មី ១រូបទៀតដែលកាន់តែមានបទពិសោធជាងនេះ។ នេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់ tehrantimes

កាលពីថ្ងៃទី០៨ ខែកក្កដា លោក Sohrab Bakhtiarizadeh មានសេចក្ដីរាយការណ៍ថាលើកឡើងថា ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ ដោយចូលមកជំនួសតំណែង លោក Sirous Pourmousavi ដែលបានចាកចេញតាំងពីចុងខែកុម្ភៈ ប៉ុន្តែវាគ្រាន់តែជាការលើកឡើងពីទំនាក់ទំនងរវាងលោក និងសហព័ន្ធ ការពិតពុំទាន់មានការតែងតាំងជាផ្លូវការនៅឡើយ។ សារព័ត៌មានដដែលបានបញ្ជាក់។

លោក Sohrab Bakhtiarizadeh ដែលត្រូវបានដឹងថាមានទំនាក់ទំនងចូលមកដឹកនាំ U-19 អ៊ីរ៉ង់កាលពីខែមុខ

យ៉ាងណាមិញ ថ្មីៗនេះ គេបានដឹងថាគ្រូបង្វឹកមួយរូបទៀតដែលមានវ័យ និងបទពិសោធជាងគ្រូដែលបានលើកឡើងពីមុន គឺលោក Parviz Mazloumi អាចនឹងត្រលប់មកដឹកនាំ U-19 វិញជាថ្មីដោយគេបាននិយាយថាលោកជាបេក្ខជនសម្រាប់ក្រុមបាល់ទាត់ U19 អ៊ីរ៉ង់។

យោងតាមរបាយការណ៍មួយចំនួន បុរសវ័យ ៦៥ឆ្នាំរូបនេះបានជួបប្រជុំជាមួយប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។

លោក Parviz Mazloumi បេក្ខភាពដែលគេរំពឹងចុងក្រោយចូលដឹកនាំ U-19 អ៊ីរ៉ង់

បន្ទាប់ពីការចាកចេញរបស់គាត់ពីក្លិប Esteghlal នៅចុងរដូវកាល២០១៥-២០១៦ នៃលីគកំពូលអ៊ីរ៉ង់ (IPL) លោក Mazloumi មិនបានធ្វើការនៅក្នុងក្រុមណាមួយនៅក្នុងបាល់ទាត់អ៊ីរ៉ង់ទេ ខណៈថ្មីៗនេះគាត់បានបង្ហាញចំណាប់អារម្មណ៍ចង់ចាប់យកការងារមួយទៀត។

ក្នុងនាមជាគ្រូបង្វឹកដែលមានបទពិសោធ លោក Mazloumi បានបម្រើការជាគ្រូបង្វឹកនៅក្រុមនៃលីគអ៊ីរ៉ង់មួយចំនួនដូចជា Esteghlal, Mes Kerman, Aluminium, Sanat Naft និងក្រុមជម្រើសជាតិអ៊ីរ៉ង់ ឈុត B ជាដើម។

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់អាយុក្រោម ១៩ឆ្នាំ ពុំមានគ្រូបង្វឹកចាប់តាំងពី លោក Sirous Pourmousavi បានលាឈប់ពីតួនាទីរបស់លោកកាលពីដើមខែកុម្ភៈ។

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ហើយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់