សហព័ន្ធកីឡាបាល់ទាត់ថៃ ដាក់លិខិតទៅកាន់គ្រប់ក្លិបជាសមាជិក ចង់បន្តលីគ ឬយ៉ាងណា

មាស សុផាណារ៉ុង July 16, 2020


 

ថៃ៖ លីគបាល់ទាត់ក្នុងស្រុក រដូវកាល២០២០ កំពុងស្ថិតក្នុងតុល្យភាព ខណៈដែលសហព័ន្ធបាល់ទាត់ថៃ (FAT) បានដាក់លិខិតស្នើសុំក្លិបនានាថាតើពួកគេចង់បន្តយុទ្ធនាការប្រកួតលីគដែលនៅសល់ ឬយ៉ាងណា។

លីគបាល់ទាត់ថៃ រដូវកាល២០២០ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ហើយត្រូវបានផ្អាកនៅខែមីនា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយវាត្រូវបានគេគ្រោងនឹងបន្តនៅខែកញ្ញា និងបញ្ចប់នៅខែឧសភាឆ្នាំក្រោយ។

លោក Somyot Poompunmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃមានប្រសាសន៍ថា៖ “សហព័ន្ធកីឡាបាល់ទាត់ថៃ ក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាបាល់ទាត់អាជីពទាំងអស់ [នៅក្នុងប្រទេស] ចង់ដឹងថាតើក្លិបដែលជាសមាជិកត្រៀមខ្លួនបន្តលេងនៅរដូវកាលនេះ ឬអត់។ ប្រសិនបើអ្នកចង់ប្រកួតបន្តទៀត សូមជូនដំណឹងដល់សហព័ន្ធក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីទទួលបានលិខិតនោះ។”

លោក Somyot បាននិយាយថា ការប្រកួតដែលនៅសល់នៃរដូវកាលនេះអាចមានន័យថាក្រុមនានាទទួលបានការឧបត្ថម្ភធនតិចពី FAT។

លោកឧត្តមសេនីយ៍ Somyot បានមានប្រសាសន៍នៅក្នុងលិខិតនោះថា “ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ …បាល់ទាត់ថៃ និងភាគីពាក់ព័ន្ធនានាបានរងផលប៉ះពាល់។ ដោយសារស្ថានភាពបន្ទាន់ និងការរឹតត្បិតរបស់រដ្ឋាភិបាល យើងមិនអាចរៀបចំការប្រកួតបាល់ទាត់បានទេ ហើយនេះគឺជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់។”

លោកបានមានប្រសាសន៍ថា ទោះបីការប្រកួតបាល់ទាត់អាចត្រូវបានប្រារព្ធធ្វើក៏ដោយ ក៏ភាគីពាក់ព័ន្ធនៅតែត្រូវអនុវត្តតាមយ៉ាងតឹងរឹងនូវពិធីសារការពារសុវត្ថិភាពរបស់រដ្ឋាភិបាល។

លោក Somyot បានមានប្រសាសន៍ថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ច…បានបង្ខំអ្នកឧបត្ថម្ភឲ្យផ្លាស់ប្តូរគោលការណ៍របស់ពួកគេ និងកាត់បន្ថយថ្លៃឧបត្ថម្ភរបស់ពួកគេ។ ហេតុនេះវាបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់សហព័ន្ធបាល់ទាត់ថៃ និងក្លិបមួយចំនួន ដែលក្លិបខ្លះជួបការលំបាកក្នុងការបន្តនិរន្តរភាពក្រុមរបស់ខ្លួន។”

 

ប្រភព៖ bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់