ក្នុងអំឡុងកូវីដ-១៩ រាលដាលជាសាកល ប៉ុន្តែអ្នកគាំទ្របាល់ទាត់វៀតណាម បំបែកកំណត់ត្រាចូលរួមទស្សនាលីគរបស់ខ្លួន

មាស សុផាណារ៉ុង July 16, 2020


 

វៀតណាម៖ ការប្រកួតលីគកំពូលវៀតណាម សប្ដាហ៍ទី៩ រដូវកាលនេះ ត្រូវបានដឹងថាបង្កើតនូវកំណត់ត្រាថ្មីនៃចំនួនអ្នកចូលរួមទស្សនាផ្ទាល់ដល់ទៅ ៧៣,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន vnexpress។

ខណៈពេលដែលការប្រកួតបាល់ទាត់ជាច្រើននៅជុំវិញពិភពលោកត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ការពេញនិយមសម្រាប់អ្នកគាំទ្រវៀតណាមចំពោះលីគរបស់ខ្លួន កាន់តែកើនឡើងខ្លាំងឡើងៗ បន្ទាប់ពីបានទាក់ទាញចំនួនអ្នកចូលទស្សានច្រើនបំផុតសម្រាប់រដូវកាលនេះ។

យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) អ្នកទស្សនាសរុប ៧៣,០០០នាក់ បានចូលរួមទស្សាផ្ទាល់ ក្នុងសប្ដាហ៍ទី៩ កាលពីសប្តាហ៍មុន ដែលមានអ្នកគាំទ្រជាមធ្យម ១០,៤២៩ នាក់ក្នុងមួយប្រកួត ដែលមានចំនួនច្រើនជាងកំណត់ត្រាចុងក្រោយ កាលពីសប្ដាហ៍ទី៦ ដែលមានអ្នកចូលរួមចំនួន ៦៦,០០០នាក់ ស្មើនឹងចំនួនអ្នកទស្សនាជាមធ្យម ៩,៤២៩នាក់។

ការប្រកួតសប្ដាហ៍ទី៩ បានកើតឡើងកាលពីចុងសប្តាហ៍មុនដោយក្នុង ១សប្ដាហ៍ មានការប្រកួតចំនួន ៧ប្រកួត បានសេចក្ដីថា ៧គូ។

ការប្រកួតដែលមានទាក់ទាញចំនួនអ្នកគាំទ្រខ្ពស់បំផុតបានកើតឡើងជំនួបរវាង ក្លិប Duoc Nam Ha Nam Dinh ជាមួយក្លិប Quang Nam នៅថ្ងៃអាទិត្យ ជាមួយចំនួនអ្នកគាំទ្រ ១៨,០០០នាក់ បន្ទាប់មក Hanoi FC ជាមួយ SHB Da Nang (អ្នកគាំទ្រ ១៥,០០០ នាក់) នៅថ្ងៃតែមួយ និងក្លិប Hoang Anh Gia Lai ជាមួយ Becamex Binh Duong (អ្នកគាំទ្រ ១៤,០០០ នាក់) នៅថ្ងៃសៅរ៍។

គេកត់សម្គាល់ទៀតថា អ្នកទស្សនាសរុបចំនួន ៤០០,០០០+ បានចូលរួមទស្សនាត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលវៀតណាម នៅរដូវកាលនេះ គឺបានសេចក្ដីថាកើនឡើង ៣៣,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

បញ្ជាក់ថា លីគកំពូលវៀតណាមបច្ចុប្បន្ន Sai Gon FC កំពុងឈរនៅកំពូលតារាងដោយមាន ១៩ពិន្ទុ តាមពីក្រោយដោយ Ho Chi Minh City FC (១៧ ពិន្ទុ) និង Viettel FC (១៥ ពិន្ទុ) ខណៈម្ចាស់ការពារតំណែងជើងឯក Hanoi FC ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយមាន ១២ពិន្ទុ នៅលើ ៧ពិន្ទុ ក្រុមបាតតារាង Quang Nam FC៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់