CEO លីគបាល់ទាត់ម៉ាឡេស៊ី មិនប្រញាប់ក្នុងការបន្តលីគ ទោះទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឲ្យចាប់ផ្ដើមវិញនៅពាក់កណ្ដាលខែសីហា

មាស សុផាណារ៉ុង July 14, 2020


 

ម៉ាឡេស៊ី៖ ដើម្បីធានាបាននូវការប្រកួតបាល់ទាត់ប្រកបដោយគុណភាពនោះ ក្រុមហ៊ុនលីគបាល់ទាត់ម៉ាឡេស៊ី (MFL) នឹងមិនប្រញាប់ក្នុងការចាប់ផ្តើមការប្រកួតលីគឡើងវិញឆាប់ពេកឡើយ។ នេះបើយោងតាមការបញ្ជាក់ដោយសារព័ត៌មានម៉ាឡេស៊ី new strait times

ក្រុមហ៊ុនលីគបាល់ទាត់ម៉ាឡេស៊ី (MFL) នឹងសិក្សាលើកត្តាជាច្រើនមុនពេលពួកគេប្រកាសកាលបរិច្ឆេទនៃការចាប់ផ្តើមឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ បានបង្ខំឲ្យរដូវកាល២០២០ ផ្អាកតាំងពីថ្ងៃទី១៦ ខែមីនា។

ដើមឡើយ MFL បានដាក់គម្រោងសម្រាប់ពិភាក្សារដូវកាលនេះ នៅចន្លោះថ្ងៃទី០១ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ ទោះយ៉ាងណារដ្ឋាភិបាលបានប្រកាសនៅថ្ងៃសុក្រនេះថា ការប្រកួតកីឡាដែលមានផលនៃការប៉ះទង្គិចរាងកាយគ្នា អាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៥ ខែសីហា នេះ ហើយប្រសិនបើលីគបាល់ទាត់ម៉ាឡេស៊ី (M-League) ចាប់ផ្តើមឡើងវិញនៅកាលបរិច្ឆេទដែលបានកំណត់នេះ នឹងចំណាយពេល ២សប្តាហ៍សម្រាប់ការរៀបចំក្រុម។

លោក Datuk Ab Ghani Hassan នាយកប្រតិបត្តិរបស់ MFL បានមានប្រសាសន៍ថា៖ “យើងត្រូវធ្វើឲ្យប្រាកដថាក្រុមទាំងអស់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំកីឡាកររបស់ពួកគេ ដូច្នេះយើងអាចមើលឃើញពីគុណភាព និងការប្រកួតប្រជែងរបស់ក្រុមនៅពេលដែលលីគចាប់ផ្តើមដំណើរការវិញ។ យើងក៏នឹងត្រូវពិចារណាលើហានិភ័យនៃការរងរបួសប្រសិនបើយើងប្រញាប់ប្រញាល់ចាប់ផ្តើមលីគឡើងវិញនៅពេលដែលកីឡាករមិនមានសុខភាពល្អ។ ក្រៅពីនេះក្រុមក៏ត្រូវរៀបចំទឹកដីរបស់ពួកគេឲ្យបានហ្មត់ចត់ ធ្វើអនាម័យ និងអ្វីៗផ្សេងៗទៀត។“

គិតមកទល់ពេលនេះ ទោះបីជាក្រុមនៅលីគបាល់ទាត់ម៉ាឡេស៊ី (M-League) អាចធ្វើការហ្វឹកហាត់ដែលអនុញ្ញាតឲ្យមានការប៉ះទង្គិចរាងកាយគ្នាចាប់ពីថ្ងៃស្អែកតទៅក៏ដោយ ប៉ុន្តែលោក Ghani បាននិយាយថា MFL នឹងមិនទាន់អនុញ្ញាតឲ្យមានការប្រកួតមិត្តភាពបាននៅឡើយនោះទេ។

លីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនា ខណៈក្រោយមកលីគទី៣ ម៉ាឡេស៊ីចុះក្រោម ត្រូវគណៈកម្មការប្រកាសលុបចោល ដោយទុកឲ្យនៅមានការប្រកួតតែលីគកំពូល និងលីគទី២ ប៉ុណ្ណោះ ស្របពេលដែលគម្រោងចុងក្រោយដែលគេបានដាក់ស្នើសុំប្រកួតលីគឡើងវិញគឺនៅខែកញ្ញា ខាងមុខនេះ៕

 

ប្រភព៖ newstraittimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់