ពានរង្វាន់ AFC U-19 អាចនឹងស្ថិតក្នុងស្ថានភាពលំបាកបន្ទាប់ពីអ៊ូបេគីស្ថាន ប្រកាសបិទប្រទេសជាលើកទី២

មាស សុផាណារ៉ុង July 13, 2020


 

ម៉ាឡេស៊ី៖ ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ទំនងអាចនឹងមិនធ្វើទៅបានឡើយនៅឆ្នាំ២០២០ នេះ បន្ទាប់ប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះអ៊ូបេគីស្ថាន បានប្រកាសបិទប្រទេសជាលើកទី២ កាលពីពេលថ្មីៗនេះក្រោយជំងឺកូវីដ-១៩​ នៅប្រទេសរាលដាលជាថ្មី។ នេះបើយោងតាមចេញវិភាគផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី new strait times

ការបិទប្រទេស នឹងបញ្ចប់នៅថ្ងៃទី០១ ខែសីហា ប៉ុន្តែរដ្ឋាភិបាលអ៊ូសបេគីស្ថាន អាចពន្យាពេលបានប្រសិនបើស្ថានភាពនោតែមិនប្រសើរ។

ទោះយ៉ាងណាគ្រូបង្វឹកយុវជនលោក Brad Maloney មិនយកចិត្តទុកដាក់នោះទេ ព្រោះការផ្តោតអារម្មណ៍របស់គាត់ គឺផ្តោតទៅលើតែសិក្ខាកាមរបស់គាត់ប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងជំរំនៅ Wisma FAM ក្នុងទីក្រុង Kelana Jaya។

លោក Maloney បាននិយាយកាលពីថ្ងៃសុក្រថា៖ «វាហួសពីព្រំដែនយើងហើយ។ យើងត្រូវរង់ចាំមើលសិន។ យើងនឹងមិនផ្លាស់ប្តូរផែនការរបស់យើងសម្រាប់ពេលនេះទេ។ គោលដៅ គឺដើម្បីត្រៀមសម្រាប់ការប្រកួតរហូតដល់មានការជូនដំណឹងបន្ថែមទៀត។»

បុរសជនជាតិអូស្ត្រាលី មានសេចក្តីរីករាយដែលគាត់អាចដឹកនាំការហ្វឹកហាត់ពេញលេញបានដោយចាប់ផ្តើមពីថ្ងៃពុធ។ «ខ្ញុំគិតថានេះជាដំណឹងល្អ។ វាជាការល្អក្នុងការរៀបចំការប្រកួតសម្រាប់កូនក្រុម។ មិនមានការផ្លាស់ប្តូរក្នុងកម្មវិធីរបស់យើងទេ។ កីឡាកររបស់យើង នឹងធ្វើការហ្វឹកហាត់ជាមូលដ្ឋានរហូតដល់ការហ្វឹកហាត់ពេញលេញដែលឲ្យមានការប៉ះទង្គិចរាងការគ្នាត្រូវបានអនុញ្ញាត។» លោកបានបន្ថែម។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន ហើយ​ U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) មកពីប្រអប់ទី១ ក្រុម U-19 ឥណ្ឌូនេស៊ី ដែលស្ថិតនៅប្រអប់ទី២ និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ មកពីប្រអប់ទី៤។

និយាយពីស្ថានភាពកូវីដ-១៩​ នៅអ៊ូបេគីស្ថាន គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឆ្លងសរុប ១៣,១៩៣នាក់ និងមានស្លាប់ ៦១នាក់ និងក៏មានព្យាបាលជា ៧,៨៥២នាក់ នៅសល់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប ៥,២៨០នាក់៕

 

ប្រភព៖ new strait times

អត្ថបទ៖ ណារ៉ុង

មតិយោបល់