សហព័ន្ធកីឡាបាល់ទាត់វៀតណាម ថាក្នុងចំណោម ៥៦ប្រកួតនៃលីគ មាន ១០ប្រកួតអាជ្ញាកណ្ដាលកាត់សេចក្ដីមិនត្រឹមត្រូវ

មាស សុផាណារ៉ុង July 13, 2020


 

វៀតណាម៖ យោងតាមសារព័ត៌មានវៀតណាម vnexpress.net បានសរសេរថា កំហុសជាច្រើនរបស់អាជ្ញាកណ្តាលនៅក្នុងលីកក្នុងស្រុកនៅរដូវកាលនេះ កំពុងបំផ្លាញគុណភាព និងរូបភាពបាល់ទាត់វៀតណាម។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក្នុង ៨សប្ដាហ៍ដំបូង នៃលីគកំពូលវៀតណាម ឆ្នាំ២០២០ (V. League 1) ស្មើនឹង ៥៦ប្រកួត មានការប្រកួតចំនួន ១០ត្រូវបានប៉ះពាល់ដោយកំហុសរបស់អាជ្ញាកណ្តាល ខណៈនៅលីគទី២ (V. League 2) មានការប្រកួតចំនួន ៥ប្រកួតក៏ត្រូវបានប្រែប្រួលដោយសារតែការមិនប្រុងប្រយ័ត្នពីអាជ្ញាកណ្ដាល។ ជាសរុបការប្រកួតចំនួន ១៥ក្នុងលីគកំពូលទាំង២ របស់វៀតណាម បានរងនូវការកាត់សេចក្តីមិនត្រឹមត្រូវនៅរដូវកាលនេះ។

ទោះជាយ៉ាងណាក៏ដោយមានតែអាជ្ញាកណ្តាល ២រូបប៉ុណ្ណោះដែលត្រូវបានពិន័យរហូតមកដល់ពេលនេះចំពោះកំហុសរបស់ពួកគេ។ នៅក្នុងការប្រកួត V. League 1 រវាង Duoc Nam Ha Nam Dinh ជាមួយ Hai Phong FC នាថ្ងៃទី២៣ ខែមិថុនា អាជ្ញាកណ្តាល លោក Vu Phuc Hoan និងជំនួយការ លោក Pham Hoai Tam បានធ្វើការសំរេចចិត្តដែលជាមន្ទិលជាច្រើន ជាក់ស្ដែក លោក Tam មិនលើកទង់ដល់កីឡាកររបស់ Hai Phong ដែលឈរ offside ខណៈដែលលោក Hoan មិនបានផ្តល់កាត សម្រាប់ការប៉ះទង្គិចដ៏គ្រោះថ្នាក់នោះទេ និងមានករណីជាច្រើនទៀត ជាហតុនាំឲ្យ VFF បានសម្រេចចិត្តព្យួរ Hoan និង Tam មិនឲ្យដឹកនាំការប្រកួតលីគចំនួន ៤ប្រកួត។

ដោយសារកំហុសរបស់អាជ្ញាកណ្តាលនៅតែបន្តកើនឡើង VFF បានសម្រេចចិត្តចាត់វិធានការដោយស្នើសុំទៅផ្នែកអាជ្ញាកណ្តាលដើម្បីដោះស្រាយបញ្ហាទាំងមូលផងដែរ។

គួរដឹងដែរថា នៅក្នុងរដូវកាលឆ្នាំ២០១៩ អាជ្ញាកណ្តាល ២០នាក់ ក្នុងចំណោម ២៦នាក់ នៅលីគកំពូលវៀតណាម (V. League 1) បានធ្វើឲ្យមានការសម្រេចចិត្តខុសអំឡុងពេលប្រកួត (៧៧ភាគរយ) និងជំនួយការ ២០នាក់ ក្នុងចំណោម ៣៣នាក់សម្រេចចិត្តខុសដូចគ្នា (៦១ ភាគរយ)។ នៅលីគទី២ វិញ (V. League 2) កាលពីឆ្នាំមុន អាជ្ញាកណ្តាល ១៧នាក់ក្នុងចំណោម ២៣នាក់បានសម្រេចចិត្តខុស (៧៤ ភាគរយ) ខណៈដែលចំនួនជំនួយការអាជ្ញាកណ្ដាល បានកើនដល់ ៩នាក់ក្នុងចំណោម ២៥នាក់ (៣៦ ភាគរយ)។

តួលេខទាំងនេះបង្ហាញពីគុណភាពអន់នៃអាជ្ញាកណ្តាលរបស់ជនជាតិវៀតណាម។ ហើយជាមួយនឹងស្ថានភាពបច្ចុប្បន្ន នៅពេលដែលពេលនេះទើបតែពាក់កណ្ដាលរដូវកាលរួចរាល់ទៅហើយ តួលេខសម្រាប់ឆ្នាំ២០២០ អាចនឹងកាន់តែអាក្រក់ទៅៗ។ សារព័ត៌មានដដែលសង្គត់ធ្ងន់៕

 

ប្រភព៖ e.vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់