ឡាវ ប្រទេសទី២ ក្នុងតំបន់អាស៊ានដំណើរការលីគដោយអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងអំឡុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង July 13, 2020


 

ឡាវ៖ ការប្រកួតពានរង្វាន់លីគកំពូលឡាវ (Lao Premier League) បានចាប់ផ្ដើមរដូវថ្មីរបស់ខ្លួនហើយកាលពីចុងសប្ដាហ៍កន្លងទៅ ដែលនាំឲ្យគេក្លាយទៅជាប្រទេសទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដំណើរការការប្រកួតលីគក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីលីគវៀតណាម និងលីគកម្ពុជា។

ការប្រកួតរដូវកាល ២០២០ នៃលីគកំពូលឡាវ បានចាប់ផ្ដើមពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយមានក្រុមចំនួន ៧ចូលរួមប្រកួត ជាមួយនឹងការប្រកួតចំនួន ២ជើង ហើយធ្វើការប្រកួតនៅកីឡដ្ឋានតែមួយប៉ុណ្ណោះ គឺកីឡដ្ឋានជាតិ (16 KM National Stadium) ខណៈអ្វីដែលជាការចាប់អារម្មណ៍ផងដែរ លីគឡាវ គឺជាលីគទី២ ក្នុងតំបន់អាស៊ាន ដែលអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាដោយផ្ទាល់នៅកីឡដ្ឋាន ប៉ុន្តែដោយមានលក្ខខណ្ឌសុវត្ថិភាព និងបន្ទាប់ពីលីគវៀតណាម ដែលបានបើកឲ្យអ្នកគាំទ្រ ៥០ភាគរយចូលទស្សនាផ្ទាល់ ខណៈនៅកម្ពុជា មិនទាន់មានការអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅឡើយ។

និយាយអំពីលីគកំពូលឡាវវិញ នៅសប្ដាហ៍ទី១ ក្នុងចំណោម ៧ក្រុម គឺមានការប្រកួតចំនួន ៣គូ បញ្ចប់ទៅដោយមានលទ្ធផលស្មើដល់ទៅ ២គូ ខណៈ​ ១គូទៀតមានលទ្ធផលឈ្នះចាញ់ ពោលគឺ ក្រុមការពារតំណែងជើងឯក Lao Toyota ស្មើជាមួយក្រុមជើងឯករងឆ្នាំចាស់ Master 7 FC លទ្ធផល ១ទល់១ ខណៈ Young Elephant ស្មើជាមួយ Ezra ១ទល់១ ដូចគ្នាសម្រាប់ការប្រកួតថ្ងៃសៅរ៍ ស្របពេលដែលគូចុងក្រោយប្រចាំសប្ដាហ៍ទី១ Police FC ឈ្នះ VIENGCHANH FC លទ្ធផល ២ទល់១ គ្រាដែលក្រុមដែលមិនទាន់មានការប្រកួតគឺ ក្រុម Vientiane FT។

សូមបញ្ជាក់ថា លីគកំពូលឡាវ ជាធម្មតាគឺប្រកួតចំនួន ៣ជើង ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ត្រូវបានបង្រួមមកនៅត្រឹមតែ ២ជើង វិញដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

គួរដឹងដែរថា លីគកំពូលឡាវ នាប៉ុន្មានឆ្នាំចុងក្រោយហាក់ពិបាកក្នុងការរកក្រុមចូលរួមប្រកួតប្រជែង ពោលគឺចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីមានក្រុមដល់ទៅ ៦ ក្នុងចំណោម ១៤ក្រុម បានប្រកាសដកខ្លួនចេញពីលីគ ដោយសារតែរឿងអាស្រូវពុករលួយនៃការគិតលទ្ធផលទុកជាមុនក្នុងក្រុមជម្រើសជាតិ (កីឡាករជាច្រើនត្រូវបាន FIFA ពិន័យមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត) និងបញ្ហាផ្ទៃក្នុងជាច្រើនទៀត នៅក្នុងបាល់ទាត់នៃប្រទេសឡាវ ចាប់តាំងពីពេលនោះមកមានក្រុមច្រើនបំផុត ៨ក្រុម និងរដូវកាលខ្លះត្រឹមតែ ៦ក្រុម ប៉ុណ្ណោះចូលរួមប្រកួត ដែលបានធ្វើឲ្យលីគបាល់ទាត់ប្រទេសនេះកាន់តែធ្លាក់ប្រជាប្រិយភាព សូម្បីតែប្រជាជនឡាវខ្លួនឯងផ្ទាល់ ក៏បាត់បង់ការនិយមទស្សនាផងដែរ បើធៀបទៅនឹងអំឡុងឆ្នាំ ២០១៤, ២០១៥ និង២០១៦ ដែលជាឆ្នាំបាល់ទាត់មានសម្ទុះខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក៕

 

រូបភាព៖ Lao Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់