លីគថៃ គ្រោងឲ្យគ្រប់ក្លិបត្រូវធ្វើតេស្តរកកូវីដ-១៩ រៀងរាល់ការប្រកួត និងចេញថ្លៃពិនិត្យដោយខ្លួនឯង

មាស សុផាណារ៉ុង July 11, 2020


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ (FA Thailand) ជាមួយក្រុមហ៊ុនថៃលីគ (Thai League) បានប្រកាសពីគម្រោងដាក់ឲ្យគ្រប់ក្លិប និងប្រព័ន្ធផ្សព្វផ្សាយ (អ្នកសារព័ត៌មាន) ទាំងអស់ត្រូវធ្វើតេស្តរកកូវីដ-១៩ រៀងរាល់ការប្រកួត និងចេញថ្លៃធ្វើតេស្តដោយខ្លួនឯង។

សារព័ត៌មាន siamsport បានសរសេរបញ្ជាក់អំពីការធ្វើតេស្តរកកូវីដ-១៩ សម្រាប់គ្រប់បណ្ដារក្លិប រួមទាំងអ្នកសារព័ត៌មាន ត្រូវតែបង់ថ្លៃធ្វើតេស្តដោយខ្លួនឯង ដែលមានតម្លៃមិនដល់ ១០០០បាត (ប្រហាក់ប្រហែល ៣០ដុល្លារអាមេរិក) នោះឡើយសម្រាប់ ១ប្រកួត។

លោក Somyot Poompanmuang ប្រធានសសហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហាញពីស្ថានភាពចុងក្រោយទាក់ទងនឹងលីគបាល់ទាត់ថៃ និងស្ថានការណ៍កូវីដ-១៩ ចុងក្រោយបង្អស់ថា៖ «ឥឡូវនេះ ERA មិនបាននិយាយថាគ្រប់ក្រុមទាំងអស់ត្រូវតែត្រួតពិនិត្យ កូវីដ-១៩ មុនពេលប្រកួត ឬក៏អត់ ប៉ុន្តែអាជ្ញាធរកីឡាថៃ (SAT) បានបញ្ជាក់ថាត្រូវត្រួតពិនិត្យ ៣ថ្ងៃរាល់មុនការប្រកួត តាមការចំណាយដោយខ្លួនឯង ក្នុងតម្លៃប្រហែល ១.០០០បាតក្នុងមនុស្សម្នាក់ ក្នុងមួយដង។»

«ក្នុងករណីអ្នកសារព័ត៌មាន គឺត្រូវបានអនុញ្ញាតឲ្យ ១៥នាក់ចូលកីឡដ្ឋាន យោងទៅតាមគោលការណ៍ OECD ទីលាននីមួយៗត្រូវរៀបចំផ្ទាល់ខ្លួន ហើយត្រូវពិភាក្សាក្នុងការកំណត់ថាតើធ្វើដូចម្តេចដើម្បីកំណត់មិនលើសពី ១៥នាក់ក្នុងទីលាននីមួយៗ។»

គួរដឹងដែរថា មកទល់ពេលនេះលីគបាល់ទាត់ពុំទាន់កំណត់កាលបរិច្ឆេទនៃការវិលត្រលប់មកវិញជាផ្លូវការនៅឡើយ ប៉ុន្តែតាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទាត់ថៃ គ្រោងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០២០ នេះ ហើយនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ដោយនឹងធ្វើតាមគំរូដូចលីគនៅបណ្ដាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដែលលេងឆ្លងឆ្នាំ បានសេចក្ដីថារដូវកាល ២០២០-២០២១។

លីគបាល់ទាត់ថៃ បានផ្អាកតាំងពីខែមីនា ក្រោយប្រកួតបានត្រឹម ៤សប្ដាហ៍ បន្ទាប់ពីជំងឺកូវីដ-១៩ បានរីករាតត្បាតយ៉ាងខ្លាំងទាំងនៅប្រទេសថៃ ក៏ដូចជានៅជុំវិញពិភពលោក៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់