U-19 អ៊ីរ៉ង់ ទីបំផុតរកគ្រូបង្វឹកបានជាផ្លូវការ ដើម្បីប្រកួតពាន AFC U-19 Championship 2020

មាស សុផាណារ៉ុង July 10, 2020


 

អ៊ីរ៉ង់៖ លោក Sohrab Bakhtiarizadeh មានសេចក្ដីរាយការណ៍ថាត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ ដែលចូលមកជំនួសតំណែង លោក Sirous Pourmousavi ដែលបានចាកចេញតាំងពីចុងខែកុម្ភៈ។

លោក Bakhtiarizadeh ដែលជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០០៦ (FIFA World Cup 2006) បានទាត់បាល់បញ្ចូលទី ទល់នឹងអង់ហ្គោឡា ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ។

លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកនៃក្រុម Naft Masjed Soleyman និងជាជំនួយការក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ២៣ឆ្នាំផងដែរ។

Bakhtiarizadeh នឹងត្រូវដឹកនាំប្រទេសអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship) ឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលា ដែលក្រុមរហ្សនាម “ខ្លារខិនពែរ្ស” មួយនេះត្រូវបានចាប់ពូលនៅក្នុងពូល A រួមជាមួយឥណ្ឌូណេស៊ី កម្ពុជា និងអ៊ូបេគីស្ថាន។

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ហើយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន៕

 

ប្រភព៖ tehrantimes

អត្ថបទ៖ ណារ៉ុង

មតិយោបល់