ហ្វីលីពីន បើកការធ្វើតេស្តគ្រូបង្វឹក កីឡាករ និងបុគ្គលិកក្លិប រកកូវីដ-១៩ មុនចូលហ្វឹកហាត់ត្រៀមប្រកួតលីគ

មាស សុផាណារ៉ុង July 9, 2020


 

ហ្វីលីពីន៖ ជាផ្នែកមួយនៃការរៀបចំខ្លួនក្នុងការវិលត្រឡប់ទៅការហ្វឹកហាត់ត្រៀមសម្រាប់ “លីគបាល់ទាត់ហ្វីលីព (PFL)” សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) បានធ្វើតេស្ត៍ចាំបាច់មួយ RT-PCR / Swab គឺតេស្តរកមេរោគកូវីដ-១៩ នៅទីស្នាក់ការសហព័ន្ធផ្ទាល់។

ការធ្វើតេស្ត RT-PCR / Swab គឺជាផ្នែកមួយនៃពិធីសារផ្នែកវេជ្ជសាស្រ្ត ក្រោមកិច្ចសហប្រតិបត្តិការរបស់ PFF ជាមួយភាគីពាក់ព័ន្ធក្នុងលីគបាល់ទាត់ហ្វីលីពីន ដែលតម្រូវឲ្យ គ្រូបង្វឹក កីឡាករ និងបុគ្គលិកទាំងអស់នៃក្លិបក្នយងលីគកំពូលហ្វីលីពីន ឆ្លងកាត់ការធ្វើតេស្តមុនពេលពួកគេអាចចូលរួមការហ្វឹកហាត់វិញបាន ហើយសូម្បីតែបុគ្គលិករបស់ សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន ក៏ត្រូវឆ្លងកាត់ការធ្វើតេសផងដែរ ដើម្បីត្រឡប់ចូលធ្វើការវិញនៅទីស្នាក់ការ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន លោក Edwin Gastanes បាននិយាយថា៖ «នៅពេលដែលយើងរំពឹងថានឹងមានការវិលត្រឡប់មកហ្វឹកហាត់សម្រាប់ក្លិបនៃលីគហ្វីលីពីន វាមានសារៈសំខាន់ណាស់ដែលកីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់ត្រូវបានធ្វើតេស្តអវិជ្ជមានមុនពេលពួកគេចាប់ផ្តើមហ្វឹកហាត់។ សុខភាព និងសុវត្ថិភាពរបស់កីឡាករ និងគ្រូបង្វឹក និងបុគ្គលិករៀបចំការប្រកួត PFL នៅតែជាអាទិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់យើង សម្រាប់ការវិលត្រឡប់មកវិញនៃបាល់ទាត់ដែលមានលក្ខណៈប្រកួតប្រជែង។»

ស្នងការនៃលីគបាល់ទាត់ហ្វីលីពីន លោក Coco Torre បានបន្ថែមថា៖ «នេះគឺជាជំហានដ៏ធំមួយសម្រាប់ពួកយើងក្នុងការបន្តការប្រកួត PFL។ (ការធ្វើតេស្ត៍នេះ) គឺជាតំរូវការនីតិវិធីសំរាប់ក្លិបត្រលប់ចូលហ្វឹកហាត់វិញ។ នៅពេលដែលពួកគេត្រូវបានគេធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់មកពួកគេអាចហ្វឹកហាត់ភ្លាមៗបាន។»

គួរដឹងដែរថា លីគកំពូលហ្វីលីពីន ដែលមិនទាន់បានចាប់ផ្ដើមនៅឡើយនោះ ដំបូងគ្រោងបើករដូវកាលរបស់គេនៅចុងខែមីនា ប៉ុន្តែបន្ទាប់ពីជំងឺកូវីដ-១៩ ក្នុងប្រទេសហ្វីលីពីន មានការរាតត្បាតខ្លាំង ទើបសម្រេចពន្យាពេលមួយលើក ជាពីរលើក ខណៈតាមដំណឹងចុងក្រោយ លីគកំពូលហ្វីលីពីន ដែលមានតែ ៦ក្រុមចូលរួមប្រកួតនោះ គ្រោងនឹងចាប់ផ្ដើមរដូវកាល២០២០ របស់ខ្លួននៅថ្ងៃទី១៥ ខែសីហា ខាងមុខ។

ហ្វីលីពីន គឺជាប្រទេសទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបន្ទាប់ពី ឥណ្ឌូនេស៊ី ពោលគឺ គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ គឺមាន ៥០,៣៥៩ករណីឆ្លង និងមានស្លាប ១,៣១៤នាក់ ហើយមានអ្នកជាសះស្បើយប្រមាណ ១២,៥៨៨នាក់ មានអ្នកសម្រាកព្យាបាលជំងឺដល់ទៅ ៣៦,៤៥៧នាក់៕

 

ប្រភព៖ http://pff.org.ph/

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់