លីគថៃ ត្រៀមផ្ដល់ការអនុញ្ញាតពិសេសសម្រាប់កីឡាករបរទេសចូលប្រទេសវិញ តែត្រូវគោរព ៤លក្ខខណ្ឌ
មាស សុផាណារ៉ុង July 8, 2020
ថៃ៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់ថៃ (FA Thailand) ការព្យាយាមផ្ដល់ការគាំទ្រដល់កីឡាករបរទេស ដែលមានចំនួន ៧៧នាក់ មកពី ៣៥ក្លិប ក្នុងលីគបាល់ទាត់ថៃ ដើម្បីវិលត្រឡប់មកកាន់ប្រទេសថៃវិញ ឥឡូវនេះបានឈានដល់ដំណាក់កាលទី២ ហើយ។
ជាមួយនឹងការយល់ព្រមពីអាជ្ញាធរកីឡាថៃ បញ្ជីឈ្មោះកីឡាករបរទេសទាំង ៧៧នាក់ ត្រូវបានបញ្ជូនទៅក្រសួងការបរទេស និងក្រសួងសុខាភិបាល ដើម្បីសុំការអនុម័តចុងក្រោយ។
បច្ចុប្បន្នក្លិបដែលពាក់ព័ន្ធត្រូវរៀបចំឯកសារដូចខាងក្រោមសម្រាប់កីឡាករ និង/ឬបុគ្គលិក ដើម្បីដាក់ពាក្យសុំវិញ្ញាបនប័ត្រចូល ប្រទេសថៃ មានដូចជា:
- ១) មានភ្ជាប់ជាមួយវិញ្ញាបនបត្របញ្ជាក់សុខភាពដែលអាចធ្វើដំណើរហោះហើរបាន
- ២) វិញ្ញាបនប័ត្រវេជ្ជសាស្រ្តជាមួយនឹងលទ្ធផលមន្ទីរពិសោធន៍ដែលបង្ហាញថាគ្មានជំងឺកូវីដ-១៩ (វិញ្ញាបនប័ត្រនេះនឹងមានសុពលភាពត្រឹមតែ ៧២ម៉ោងមុនចេញដំណើរទៅប្រទេសថៃ)
- ៣) ធានារ៉ាប់រងសុខភាព ដើម្បីព្យាបាលជំងឺកូវី-១៩ (ករណីបើមានផ្ទុកជំងឺ) និងថ្លៃព្យាបាលដទៃទៀតពេលស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ (ដែលមានតំលៃស្មើ រឬច្រើនជាង ១០ម៉ឺនដុល្លារ សំរាប់ថ្លៃព្យាបាល)
- ៤) បញ្ជាក់ពីអាស័យដ្ឋានដែលអ្នកធ្វើដំណើរនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅពេលមកដល់ព្រះរាជាណាចក្រថៃ
បន្ទាប់ពីទទួលបានឯកសារដែលបានរៀបរាប់ កីឡាករ និងបុគ្គលិកដែលជាប់គាំងនៅបរទេសត្រូវទាក់ទងទៅប្រទេសរៀងៗខ្លួននៃស្ថានទូតថៃ ដើម្បីបន្តទៅជំហានបន្ទាប់សម្រាប់វិញ្ញាបនប័ត្រនៃការចូលប្រទេសថៃ។
គួរដឹងដែរថា មកទល់ពេលនេះលីគបាល់ទាត់ពុំទាន់កំណត់កាលបរិច្ឆេទនៃការវិលត្រលប់មកវិញជាផ្លូវការនៅឡើយ ប៉ុន្តែតាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទាត់ថៃ គ្រោងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០២០ នេះ ហើយនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ដោយនឹងធ្វើតាមគំរូដូចលីគនៅបណ្ដាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដែលលេងឆ្លងឆ្នាំ បានសេចក្ដីថារដូវកាល ២០២០-២០២១។
លីគបាល់ទាត់ថៃ បានផ្អាកតាំងពីខែមីនា ក្រោយប្រកួតបានត្រឹម ៤សប្ដាហ៍ បន្ទាប់ពីជំងឺកូវីដ-១៩ បានរីករាតត្បាតយ៉ាងខ្លាំងទាំងនៅប្រទេសថៃ ក៏ដូចជានៅជុំវិញពិភពលោក៕
ប្រភព៖ arepabonthai.com
ប្រែសម្រួល៖ ណារ៉ុង