យុវជន U-19 ម៉ាឡេស៊ី Luqman ត្រៀមហោះទៅចូលរួមក្លិបថ្មីនៅលីគកំពូលប៊ែលហ្ស៊ិក

មាស សុផាណារ៉ុង July 7, 2020


 

ម៉ាឡេស៊ី៖ កីឡាករយុវជនម៉ាឡេស៊ី Luqman Hakim Shamsudin ត្រូវបានគេរំពឹងថានឹងទៅចូលរួមជាមួយក្លិបប៊ែលហ្ស៊ិករបស់គេ ដែលទើបតែចូលរួម គឺ KV Kortrijk ឆាប់ៗនេះ ខណៈខ្សែប្រយុទ្ធរូបនេះនឹងហោះត្រឡប់មកវិញដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលត្រូវត្រៀមប្រកួតពានរង្វាន់ AFC U-19 Championship នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាខែតុលា ខាងមុខ។

Luqman ដែលបានជាប់ក្នុងបញ្ជីប្រចាំឆ្នាំរបស់សារព័ត៌មានល្បី The Guardian នាមជាកីឡាករវ័យក្មេងដែលមានទេពកោសល្យបំផុត ៦០នាក់ នៅលើពិភពលោករូបនេះ បច្ចុប្បន្នកំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមជាមួយក្លិប KV Kortrijk ដែលជាក្លិបប្រកបអាជីពនៅលីគកំពូលប៊ែលហ្ស៊ិក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ថៃ (FAM) លោក Stuart Ramalingam បាននិយាយថា សហព័ន្ធមានជំនឿចិត្តថា Luqman នឹងវិលត្រឡប់មកទីក្រុងគូឡាឡាំពួ វិញនៅខែកញ្ញាដើម្បីហ្វឹកហាត់ជាមួយក្រុមអាយុក្រោម ១៩ឆ្នាំ ក្រោមការដឹកនាំរបស់ លោក Brad Maloney ។

លោក Stuart បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយភ្នាក់ងាររបស់ Luqman ហើយគាត់បានប្រាប់ខ្ញុំថាការហៅចូលរួមជាមួយជម្រើសជាតិ នឹងក្លាយជាអាទិភាពសម្រាប់ Luqman។»

ដោយឡែកគ្រូបង្វឹក លោក Brad Maloney ក៏បានលើកឡើងផងដែរថា៖ «តាមការយល់ដឹងរបស់ខ្ញុំ Luqman នឹងធ្វើដំណើរក្នុងពេលឆាប់ៗនេះ (ទៅកាន់ប្រទេសប៊ែលហ្សិក) ហើយវាពិតជាអស្ចារ្យណាស់សម្រាប់ការអភិវឌ្ឍន៍របស់គេ។ ប៉ុន្តែតាមអ្វីដែលខ្ញុំដឹង គាត់នឹងត្រូវបានអនុញ្ញាតសម្រាប់ការប្រកួត និងការត្រៀមចុងក្រោយពានខាងលើ។ ប៉ុន្តែយើងតែងតែស្វែងរកកីឡាករមានទេពកោសល្យផ្សេងៗទៀត ដើម្បីលេងក្នុងតួនាទីនោះ (ខ្សែប្រយុទ្ធ) ឬកន្លែងផ្សេងទៀត។»

នៅក្នុងការប្រកួត AFC អាយុក្រោម ១៩ ឆ្នាំ នៅទីក្រុង Tashkent ប្រទេសម៉ាឡេស៊ី នឹងប្រកួតជាមួយ តាហ្ស៊ីគីស្ថាន (ថ្ងៃទី ១៦ ខែតុលា) កាតា (ថ្ងៃទី ១៩ ខែតុលា) និងយេម៉ែន នៅថ្ងៃទី២២ ខែតុលា។

គួរដឹងផងដែរថា Luqman Hakim Shamsudin បានក្លាយជាកីឡាករដែលគួរឲ្យចាប់អារម្មណ៍មួយផងដែរនៅគ្នុងតំបន់អាស៊ីអាគ្នេយ៍ នាប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេធ្លាប់ទាត់ចូល U-19 កម្ពុជា ផងដែរក្នុងជំនួបដែលយកឈ្នះ ៤ទល់៥ វគ្កជម្រុះ AFC U-19 Championship នៅភ្នំពេញ៕

 

ប្រភព៖ nst.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់