U22 វៀតណាម ត្រៀមចេញទៅប្រកួតពានអន្តរជាតិមួយនៅប្រទេសបារាំង ចុងឆ្នាំនេះ

មាស សុផាណារ៉ុង July 7, 2020


 

វៀតណាម៖ ក្រុមរបស់វៀតណាម នឹងត្រូវបានតំណាងដោយ យុវជនអាយុក្រោម ២២ឆ្នាំ (U-22) របស់ខ្លួន ដើម្បីចូលរួមការប្រកួត Toulon Tournament នៅប្រទេសបារាំង នៅខែធ្នូ ចុងឆ្នាំនេះ ដែលជាលើកដំបូងរបស់ពួកគេ។

លោក Tran Quoc Tuan អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជាក់ពីការចូលរួម ខណៈពេលដែលជូនដំណឹងដល់សារព័ត៌មាន អំពីផែនការសម្រាប់ក្រុមជម្រើសជាតិនៅឆមាសទី២ ឆ្នាំ២០២០។

«ក្រុម U-22 មានការហ្វឹកហាត់លើកដំបូងនៅឆ្នាំនេះ ដើម្បីឲ្យគ្រូបង្វឹក Park Hang-seo បានវាយតម្លៃកីឡាករ។ ការហ្វឹកហាត់ខ្លីៗដូចនេះនឹងមកដល់ឆាប់ៗនេះ។ នៅខែធ្នូ ក្រុម U22 នឹងចេញទៅប្រទេសបារាំង ដើម្បីហ្វឹកហាត់ និងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Toulon Tournament។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុម ព្រោះពួកគេនឹងត្រូវប្រកួតជាមួយក្រុមអឺរ៉ុប និងអាមេរិក ហើយនឹងក្លាយជាការរៀបចំដ៏ល្អសម្រាប់ការប្រកួតជម្រុះ (AFC U-23 Championship) នៅឆ្នាំ ២០២២ និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១។» លោក Tuan បានលើកឡើង។

ព្រឹត្តិការណ៍ Toulon Tournament គឺជាការប្រកួតបាល់ទាត់អន្តរជាតិដែលមានក្រុម U-17 ដល់ក្រុម U-23។ ព្រឹត្តិការណ៍នេះដើមឡើយវាត្រូវបានគេគ្រោងប្រកួតពីថ្ងៃទី ១-១៤ ខែមិថុនាប៉ុន្តែត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ការប្រកួតនេះមានម្ចាស់ផ្ទះបារាំង និងក្រុមចំនួន ១១ផ្សេងទៀតមកពីទ្វីបផ្សេងៗគ្នា។ នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់វៀតណាម នៅក្នុងព្រឹត្តិការណ៍នេះ ខណៈប្រេស៊ីល គឺជាក្រុមការពារតំណែងជើងឯក៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់