គ្រូវៀតណាម ប្រកាសសញ្ញាព្រួយបារម្ភ អំពីកង្វះខាតកីឡាករវ័យក្មេងដែលមានទេពកោសល្យ

មាស សុផាណារ៉ុង July 6, 2020


 

វៀតណាម៖  គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមទាំងឈុតធំ និងឈុត U-22 លោក Park Hang-seo បានចង្អុលបង្ហាញពីការខ្វះខាតកីឡាករល្អៗ នៅក្នុងក្រុម U-22 បន្ទាប់ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំក្រុមហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។

លោក Park បាននិយាយមុនពេលបែងចែកក្រុម U-22 ជាពីរក្រុមដើម្បីប្រកួតសាកល្បងគ្នា ថា៖ «នៅពេលដែលខ្ញុំបានមកដល់ប្រទេសវៀតណាមកាលពី ៣ឆ្នាំមុន មានកីឡាករវ័យក្មេងដែលមានទេពកោសល្យជាច្រើនដូចជា Nguyen Cong Phuong, Luong Xuan Truong និង Do Duy Manh។ ប៉ុន្តែឥលូវនេះ មិនមានកីឡាករដែលមានទេព្យកោសល្យដូចនេះឡើយ។»

កាលពីថ្ងៃពុធ លោកបានកោះហៅកីឡាករ U-21 ចំនួន ២៨នាក់ ដែលកម្រនឹងទទួលបានឱកាសចូលលេងក្នុងលីគ ដោយមានគោលបំណងផ្តល់ពេលវេលាអោយពួកគេកាន់តែច្រើន និងវាយតម្លៃកីឡាករម្នាក់ៗមុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។

លោក Park បាននិយាយថា យុវជនមិនមានឱកាសច្រើនដើម្បីបង្ហាញខ្លួននៅក្នុងលីគ (V. League) នោះទេ ព្រោះក្លិបសុខចិត្តជ្រើសរើសដាក់កីឡាករបរទេស និងកីឡាករដែលមានបទពិសោធ វិញ។

លោក Park ជាមួយ U-22 វៀតណាម (រូបភាព Zing.vn)

«ខ្ញុំសង្ឃឹមថាការផ្លាស់ប្តូរមួយចំនួនអាចត្រូវបានធ្វើឡើង ដើម្បីបង្កើតឱកាសបន្ថែមសម្រាប់ពួកគេក្នុងការលេង។ ឧទាហរណ៍ យើងអាចកំណត់ចំនួនកីឡាករបរទេសនៅក្នុងលីគ ដូច្នេះក្លិបអាចប្រើប្រាស់កីឡាករវ័យក្មេងបន្ថែមទៀត។ ដូចដែលអ្នកបានឃើញក្រុមជម្រើសជាតិនៅតែឃើញមុខកីឡាករដដែល និងស៊ាំ ដែលមិនបានឃើញកីឡាករថ្មីទេ។» លោក Park បាននិយាយបន្ថែម។

ថ្មីៗនេះ លោក Park និងជំនួយការរបស់លោក តែងតែចូលរួមទស្សនាការប្រកួតលីគកំពូល និងលីគទី២ វៀតណាម ដើម្បីតាមដានកីឡាករថ្មីសម្រាប់ក្រុមជម្រើសជាតិ។ ទោះយ៉ាងណាក៏ដោយ​បច្ចុប្បន្ននេះមានកីឡាករតិចតួចណាស់ដែលបំពេញតាមតម្រូវការរបស់លោក។

គ្រូជំនួយវៀតណាម (រូបភាព Zing.vn)

លោក Park បានលើកឡើងទៀតថា៖ «នៅក្នុងក្រុម U22 ឬក្រុមជម្រើសជាតិ លក្ខណៈវិនិច្ឆ័យរបស់ខ្ញុំគឺពឹងផ្អែកលើជំនាញ។ ពួកគេត្រូវតែលេងបានល្អនៅក្នុងទីតាំងដែលបានកំណត់។ កម្លាំងកាយសម្បទា ក៏ជាលក្ខណៈវិនិច្ឆ័យមួយដែរ។ នៅពេលដែលកីឡាករវ័យក្មេងមិនមានឱកាសលេងច្រើន ដូចនេះវាពិតជាលំបាកណាស់ ដើម្បីរកអ្វីដែលសាកសម។»

បន្ទាប់ពីការប្រកួតចំនួន ៧សប្ដាហ៍ (ស្មើនឹង ៤៩ប្រកួត) នៃលីគកំពូលវៀតណាម ឆ្នាំ២០២០ មានកីឡាករ U21 ចំនួនតែ ២៥នាក់ប៉ុណ្ណោះដែលបានចូលទីលានប្រកួត ភាគច្រើនមានតែនៅក្នុងពេលជិតបញ្ចប់ការប្រកួតប៉ុណ្ណោះ។

សម្រាប់វៀតណាម គោលដៅសំខាន់របស់ក្រុម U-22 ឆ្នាំក្រោយគឺគ្មានអ្វីក្រៅពីឈ្នះមេដាយមាស ទៀតនោះទេ នៅស៊ីហ្គេម ឆ្នាំ២០២១ លើកទី៣១ (SEA Games 2021)។ ជាមួយនឹងកីឡាករ U-22 សំខាន់ៗដែលឈ្នះស៊ីហ្គេម លើទី៣០ កាលពីឆ្នាំមុននឹងលើសអាយុច្រើន គេបាននិយាយថាគ្រូបង្វឹក Park នឹងត្រូវការពេលវេលាច្រើន ដើម្បីធ្វើកំណែទម្រង់ និងស្វែងរកកីឡាករថ្មីសម្រាប់ក្រុមរបស់លោក៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់