AFF Suzuki Cup 2020 នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់អំពីទីតាំងការប្រកួត

មាស សុផាណារ៉ុង July 3, 2020


 

វៀតណាម៖ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ មិនអាចគ្រប់គ្រងបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះវៀតណាម អាចនឹងត្រូវបានជ្រើសរើសឲ្យរៀបចំការប្រកួតក្នុងនាមជាប្រទេស ចំនួន ១ ឬ២ ដែលមានសុវត្ថិភាព។

យោងតាមការបញ្ជាក់ដោយ លោក Tran Quoc Tuan អនុប្រធានសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានឱ្យដឹងថា ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ នឹងត្រូវធ្វើឡើងជាធម្មតាប្រសិនបើប្រទេសនានាគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ។

«ពានរង្វាន់ AFF Cup 2020 គឺជាការងារសំខាន់របស់ AFF ។ ក្នុងស្ថានភាពមិនល្អប្រសិនបើប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍មិនអាចគ្រប់គ្រងការរីករាលដាល Covid-19 បានល្អនោះទេ ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេស ១ ឬ២ ដែលមានការគ្រប់គ្រងការរីករាលដាលបានល្អ និងត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលដើម្បីរៀបចំសកម្មភាពកីឡា។» ការលើកឡើងរបស់លោក Tuan។

តំណាង VFF មិនបានបញ្ជាក់ច្បាស់ពីលទ្ធភាពដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនោះទេ។ AFF បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថានភាព និងផ្តល់ដំណោះស្រាយដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។

យ៉ាងណាមិញ តាមគម្រោងការចាប់ពូល សម្រាប់ព្រឹត្តិការណ៍ AFF Cup 2020 នឹងធ្វើឡើងនៅខែសីហា ខាងមុខនេះដែលគ្រោងធ្វើនៅប្រទេសថៃ ត្រូវលើកមកធ្វើនៅប្រទេសវៀតណាម វិញផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតនៅជុំទី២ នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២ ។ សំណើរបស់ AFF នឹងត្រូវពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សា AFF ក្នុងកិច្ចប្រជុំ Online នៅថ្ងៃទី១៦ ខែមីថុនា ខាងមុខ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់