គ្រូជម្រើសជាតិថៃ រំពឹងចូលមកដឹកនាំក្រុមដំរីសឹក វិញនៅខែក្រោយ តែត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃជាមុនសិន

មាស សុផាណារ៉ុង July 2, 2020


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) រំពឹងថាគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Akira Nishino (ជនជាតិជប៉ុន) នឹងវិលត្រឡប់មកប្រទេសថៃ វិញនៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត bangkokpost

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Patit Supaphong បាននិយាយថា សហការីរបស់លោកបានស្នើសុំក្រសួងការបរទេស ដើម្បីទទួលបានការអនុញ្ញាតឱ្យគ្រូបង្វឹកជនជាតិជប៉ុនដដែលរូបនេះ ត្រឡប់មកកាន់ប្រទេសថៃវិញ ក្នុងនាមជា “អ្នកជំនាញ” ដ្បិតប្រទេសថៃនៅតែបន្តហាមឃាត់ការហោះហើររបស់អ្នកដំណើរក្រៅប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះយ៉ាងណាក៏ដោយ bangkokpost បានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមមនុស្សមួយចំនួនអាចហោះហើរចូលប្រទេសបាន។

ប្រសិនបើ លោក Akira Nishino ដែលមានដើមកំណើតនៅប្រទេសជប៉ុនទទួលបានភ្លើងខៀវ នោះគាត់នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃផងដែរ បន្ទាប់ពីការមកដល់ប្រទេសថៃ។ លោក Patit បាននិយាយថា៖ «យើងរំពឹងថាគាត់នឹងវិលត្រឡប់មកវិញនៅខែសីហា។»

ការត្រលប់មកវិញសម្រាប់គ្រូបង្វឹកថៃ រូបនេះ ដើម្បីបន្តដឹកនាំក្រុមដំរីសឹកថៃ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup qualification) ប្រចាំទ្វីបអាស៊ី ដែលត្រូវបានផ្អាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្ដាលមកពីវីរុសកូរ៉ូណា ប្រភេទថ្មី ហើយគេគ្រោងនឹងចាប់ផ្តើមបន្តការប្រកួតឡើងវិញនៅខែតុលាខាងមុខនេះ ដោយការរឹតត្បិតការធ្វើដំណើរអាចនឹងត្រូវបានបន្ធូរបន្ថយនៅពេលនោះ។

ជម្រើសជាតិថៃ នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួល ឥណ្ឌូណេស៊ី នៅថ្ងៃទី០៨ ខែតុលា មុនធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម នៅថ្ងៃទី១២ ខែវិច្ឆិកា និងត្រូវបើកផ្ទះទទួលម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា នៅក្នុងការប្រកួតដែលនៅសល់របស់ពួកគេ នៅក្នុងពូល G នៃវគ្គជម្រុះ ជុំទី២ ប្រចាំទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

គិតត្រឹមពេលនេះ បន្ទាប់ពីប្រកួតបាន ៥ប្រកួត ជម្រើសជាតិវៀតណាម កំពុងឈរកំពូលតារាង មាន ១១ពិន្ទុ នាំមុខក្រុមលេខ២ ម៉ាឡេស៊ី (ដែលមាន ៩ពិន្ទុ) និងថៃ នៅលេខ៣ (មាន ៨ពិន្ទុ) ខណៈអារ៉ាប់រួម មាន ៦ពិន្ទុឈរនៅលេខ៤ ជាមួយនឹងការប្រកួតនៅក្នុងដៃ ១ប្រកួត ខណៈឥណ្ឌូនេស៊ី នៅបាតតារាងរកពិន្ទុមិនទាន់បាននៅឡើយ៕

 

ប្រភព៖ bangkokpost.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់