យុវជនអាយុក្រោម ១៩ឆ្នាំឥណ្ឌូនេស៊ី ច្រើនរូបមានសក្ដានុពលកាន់តែខ្លាំងក្រោយហ្វឹកហាត់នៅអ៊ឺរ៉ុប

មាស សុផាណារ៉ុង July 1, 2020


 

ឥណ្ឌូនេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 កម្ពុជា និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។

យ៉ាងណាមិញនៅពីក្រោយ U-19 ឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា កំពុងសម្ងំបង្កើនសក្ដានុពលរបស់ខ្លួន បន្ទាប់ពីយុវជនរបស់ប្រទេសដីកោះមួយនេះ ជាពិសេសត្រូវនឹងអាយុក្រោម ១៩ឆ្នាំ ប៉ុន្តែភាគច្រើនក្រោម ១៧ឆ្នាំ បានធ្វើការហ្វឹកហាត់នៅទ្វីបអ៊ឺរ៉ុប ជាមួយប្រទេសអង់គ្លេស និងអ៊ីតាលី ចំនួន ២ដង តាមរយៈក្រុមដែលមានឈ្មោះថា Garuda Selection។

ការចេញទៅហ្វឹកហាត់លើកដំបូង គឺនៅដើមឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានរៀបចំបង្កើតកម្មវិធី Garuda Selection ដើម្បីជ្រើសរើសយុវជនឆ្នើមៗចេញទៅបោះជំរំហ្វឹកហាត់ នៅចក្រភពអង់គ្លេស ក្រោមការដឹកនាំដោយ លោក Dennis Wise (អតីតីកីឡាករ Chelsea, Leicester City និងជម្រើសជាតិអង់គ្លេស) និងលោក Des Walker ដែលជាអតីតកីឡាករជម្រើសជាតិអង់គ្លេសផងដែរ។

ការបោះជំរំហ្វឹកហាត់នៅឥណ្ឌូនេស៊ី លើកទី១ គឺមានរយៈពេល ៥ខែ ចាប់ផ្ដើមពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០១៩ ដោយមានយុវជនចំនួន ២៤នាក់ ជ្រើសរើសចេញពីថ្នាលយុវជនតាមបណ្ដាក្លិបនានានៅលីគបាល់ទាត់ឥណ្ឌូនេស៊ី។

នៅទីនោះ ក្រៅតែពីជំរំហ្វឹកហាត់ ពួកគេក៏ត្រូវបានរៀបចំឲ្យមានការប្រកួតកម្ដៅសាច់ដុំផងដែរជាមួយយុវជនរបស់ក្លិបល្បីនៅអង់គ្លេសនោះផ្ទាល់តែម្ដង ដូចជា Chelsea, Arsenal, QPR ជាដើម។

ចូលដល់ចុងឆ្នាំ២០១៩ ក្រុមមួយផ្សេងទៀតត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅអ៊ឺរ៉ុបដូចគ្នា ប៉ុន្តែលើកនេះ ២ប្រទេស គឺអង់គ្លេស និងអ៊ីតាលី រយៈពេលបញ្ចប់មុនការគ្រោងទុកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមទី២ នេះ បានហ្វឹកហាត់ និងប្រកួតជាមួយក្រុមនៅប្រទេសអ៊ីតាលី ក្នុងមានទាំង U-17 Juventus ផងដែរ មុនផ្អាកសកម្មភាពនៅខែមេសា កន្លងទៅ ដោយមានខ្លះជាប់នៅអង់គ្លេស នៅឡើយដើម្បីព្យាបាលរបួស និងខ្លះទៀតបានមកដល់ឥណ្ឌូនេស៊ី វិញផងដែរ។

ក្រៅតែពីការហ្វឹកហាត់ និងការប្រកួត យុវជនទាំង ២ឈុតនេះ បានទទួលការបំប៉នជាមួយនឹងអាហារដែលល្អសម្រាប់សុខភាពកីឡាករ, ការហាត់ខ្លាំងក្រោមអាកាសធាតុត្រជាក់ខ្លាំងដែលពួកគេពុំដែលជួបប្រទះ, ការហាត់កាយសម្បទា (Gym), ចិត្តសាស្ត្រ និងការកម្សាន្តផ្សេងៗទៀតជាដើម ដូចជាការចូលរួមទស្សនាការប្រកួតផ្ទាល់របស់ក្រុមខ្លាំងៗនៅអង់គ្លេស និងអ៊ីតាលីជាដើម។

ពួកគេត្រូវបានគិតថា នឹងភាគច្រើនមានមុខក្នុងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ ដែលត្រូវប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) រួមពូលជាមួយកម្ពុជា និងពិសេសជាងនេះទៅទៀត ដើម្បីត្រៀមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA World Cup U-20) ដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះផ្ទាល់នៅឆ្នាំ២០២១៕

 

រូបភាព៖ bola.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់