គ្រូ U-19 វៀតណាម ត្រៀមធ្វើតេស្តកីឡាករពី ៦០ទៅ៨០នាក់ ដើម្បីផែនការរយៈពេលយូរ

មាស សុផាណារ៉ុង June 30, 2020


 

វៀតណាម៖ គ្រូបង្វឹកជម្រើសជាតិវៀតណាម អាយុក្រោម ១៩ឆ្នាំ ត្រៀមធ្វើតេស្តកីឡាករអាយុក្រោម ១៩ឆ្នាំ ប្រមាណពី ៦០ទៅ៨០នាក់ ដើម្បីផែនការរយៈពេល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន zingnews.vn

សារព័ត៌មានដដែលនេះ បានធ្វើការសម្ភាសន៍ជាមួយ លោក Philippe Omar Troussier លោកសម្លឹងរកមើលកីឡាករកើតក្នុងអំឡុងឆ្នាំ ២០០១-២០០៤ ពោលគឺនៅក្នុងព្រឹត្តិការណ៍ពានយុវជនជាតិអាយុក្រោម ១៩ឆ្នាំ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានលើកឡើងថា៖ «ក្នុងរយៈពេលជាង ២ខែកន្លងមកនេះខ្ញុំបានមើលការប្រកួតជាច្រើន ទីតាំងជាច្រើនចាប់ពីវគ្គជម្រុះរហូតដល់ជុំចុងក្រោយ។ ពីកីឡាករជាង ៦០០នាក់ដែលចូលរួមខ្ញុំបានជ្រើសរើសបាន ១០០នាក់ ដែលកើតពីឆ្នាំ ២០០១-២០០៤។ ខ្ញុំហៅវាថា ជាការជ្រើសរើសក្រុមបណ្តោះអាសន្ន ហើយនឹងមានផែនការត្រួតពិនិត្យលម្អិតជាងនេះ។»

លោកបន្តទៀតថា៖ «ដោយសារតែតួលេខខាងលើ ខ្ញុំចង់រៀបចំផែនការយូរអង្វែងដូចជាអូឡាំពិក ឆ្នាំ២០២៤ (Olympic 2024)។ យើងចាប់ផ្តើមល្អជាមួយបញ្ជីជ្រើសរើសបែបនេះ។ ភ្លាមៗពីបញ្ជីជ្រើសរើសនោះ ខ្ញុំនឹងកោះហៅកីឡាករ ៦០ទៅ៨០នាក់ ដែលមានគុណសម្បត្ដិជាមូលដ្ឋានដើម្បីបន្តធ្វើតេស្តសាកល្បង ថាតើវាសម ឬអត់។»

ក្រុមយុវជនវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្កើនការរីកចម្រើន ខណៈក្នុងឆ្នាំ២០២០ នេះ U-19 គេក៏មានកៅអីប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន ដោយស្ថិតក្នុងពូល C ជាមួយ អារ៉ាបបីតសាវឌីត, អូស្ត្រាលី និងឡាវ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់