លីគកំពូលឥណ្ឌូនេស៊ី កំណត់កាលបរិច្ឆេទត្រលប់់មកវិញរហូតដល់ខែតុលា យូរជាងគេក្នុងតំបន់អាស៊ាន

មាស សុផាណារ៉ុង June 30, 2020


 

ឥណ្ឌូនេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានកំណត់យកខែតុលា ឆ្នាំ២០២០ ជាការចាប់ផ្តើមឡើងវិញនៃលីគឥណ្ឌូនេស៊ី ទាំងលីគកំពូល, លីគ២ និងលីគទី៣។ នេះបើយោងតាមលិខិតផ្លូវការ ដែលត្រូវបានផ្ញើចេញនៅសប្តាហ៍នេះសម្រាប់ការចាប់ផ្តើមលីគឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងពីខែមីនា ឆ្នាំនេះដោយសារជំងឺរាតត្បាតកូវីដ-១៩។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Mochamad Iriawan បានលើកឡើងថា៖ «យើងត្រូវតែចាប់ផ្តើមបាល់ទាត់ឡើងវិញក្រោម “របៀបថ្មី” ហើយបាល់ទាត់ឥណ្ឌូនេស៊ីត្រូវតែសម្របខ្លួនទៅនឹងកាលៈទេសៈថ្មីទាំងនេះ។ ពួកគេត្រូវអនុវត្តតាមយ៉ាងតឹងរឹងនូវវិធានការសុខភាពដែលបានកំណត់។ គោលបំណងនៃការចាប់ផ្តើមបាល់ទាត់ឡើងវិញគឺដើម្បី ធ្វើឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ឈានទៅមុខ។ កីឡាករទទួលបានបទពិសោធន៍ប្រកួតប្រជែងដ៏មានតម្លៃ ហើយពួកគេនឹងកាន់តែប្រសើរឡើង។»

លោក Iriawan បានបន្ថែមទៀតថាការចាប់ផ្តើមការប្រកួតលីគឥណ្ឌូនេស៊ីឡើងវិញគឺដើម្បីផ្តល់ការប្រកួតដល់ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មុនការរៀបចំសម្រាប់ព្រឹត្តិការណ៍បាល់ទាត់យុវជនពិភពលោក អាយុក្រោម២០ឆ្នាំ (2021 FIFA U20 World Cup) នៅឆ្នាំ២០២១។

លោក Iriawan បានបន្ថែមថា៖ «កីឡាករ U19 អាចលេងជាមួយក្លិបរៀងៗខ្លួននៅឥណ្ឌូនេស៊ី លីគទី១ និងលីគទី២ នៅពេលពួកគេចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ។»

គួររំឭកថា លីគកំពូលឥណ្ឌូនេស៊ី (Liga 1) បានផ្អាកកាលពីខែមីនា ឆ្នាំ២០២០ ដោយសារហេតុដូចគ្នាទៅនឹងបណ្ដាប្រទេសនៅជុំវិញពិភពលោក (ជំងឺរាតត្បាតកូវីដ-១៩) ខណៈទើបតែប្រកួតបាន ៣សប្ដាហ៍ ក្នុងចំណោមលីគដែលមានរហូតដល់ ៣៦សប្ដាហ៍មួយនេះ៕

 

ប្រភព៖ pssi.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់