ពានជើងឯកប្រចាំតំបន់ក្នុងទ្វីបអាស៊ីមួយទៀត ‘SAFF Championship’ សម្រេចពន្យាពេលទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង June 30, 2020


 

អាស៊ី៖ ការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ីខាងត្បូង (SAFF Cup) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩-៣០ ខែកញ្ញា ត្រូវបានពន្យារពេលទៅឆ្នាំក្រោយហើយ ដោយសារជំងឺរាតត្បាត កូវីដ-១៩។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ នៅក្នុងការប្រជុំតាមអ៊ិនធរណេតរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីខាងត្បូង (the South Asian Football Federation) ដោយមានអគ្គលេខាធិការប្រចាំសហព័ន្ធកីឡាបាល់ទាត់ បង់ក្លាដែស, ឥណ្ឌា, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាល់ឌីវ, ស្រីលង្កា និងប៊ូតាន រួមជាមួយអគ្គលេខាធិការ SAFF លោក Anwarul Huq។

លោក Huq បាននិយាយថា៖ «SAFF Cup ត្រូវបានពន្យារពេលទៅឆ្នាំក្រោយដោយសារស្ថានភាពបច្ចុប្បន្ន ហើយយើងនឹងសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខអំពីកាលបរិច្ឆេទថ្មីនៃពានដដែលនេះ ដែលត្រូវធ្វើឡើងនៅឆ្នាំក្រោយ។»

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស (Md Abu Nayeem) Shohag បានជម្រាបជូនអង្គប្រជុំថា ពួកគេនឹងមិនអាចធ្វើជាម្ចាស់ជើងឯកនៅខែកញ្ញា ឬចុងឆ្នាំនេះបានទេដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។

គេផងដែរថា គាប់ជួនដោយសារសមាជិកភាគច្រើនត្រូវប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ក៏ដូចជាជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup)  នៅខែតុលា និងវិច្ឆិកា ខាងមុខផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីខាងត្បូង មានសមាជិកចំនួន ៧ប្រទេស រួមមាន បង់ក្លាដែស, ឥណ្ឌា, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាល់ឌីវ, ស្រីលង្កា និងប៊ូតាន ហើយពានរង្វាន់ប្រចាំតំបន់របស់គេគឺធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ខណៈម៉ាល់ឌីវ គឺជាម្ចាស់ការពារតំណែងជើងឯក ដែលបានយកឈ្នះឥណ្ឌា ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៨។

គួររំឭកថា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីខាងលិច (WAFF) ដែលមានប្រទេសជាសមាជិកដូចជា ហ្សកដានី, ប៉ាឡេស្ទីន, អារ៉ាប់រួម, បារ៉ែន, អារ៉ាប់ប៊ីសាអូឌីត, ស៊ីរី, អ៊ីរ៉ាក់, អូម៉ង់, កាតា, គុយវែត, លីបង់ និងយេម៉ែន ក៏បានសម្រេចពន្យារពេលការប្រកួតដណ្តើមពានរង្វាន់ជើងឯកតំបន់អាស៊ីខាងលិច (WAFF) លើកទី១០ របស់ខ្លួនផងដែរ បន្ទាប់ពីពិភាក្សាជាមួយសហព័ន្ធដែលជាសមាជិក។

ពានរង្វាន់ទាំងនេះ គឺអាចនិយាយបានថាដូចគ្នាទៅនឹងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Championship ឬគេនិយមហៅថា AFF Suzuki Cup) ផងដែរ ខណៈក្រៅពី ៣តំបន់នេះ ក៏នៅមាន ២តំបន់ផ្សេងទៀតមានការប្រកួតដូចគ្នា គឺ តំបន់អាស៊ីកណ្ដាល មានប្រទេស អាហ្វហ្គានីស្ថាន, អ៊ីរ៉ង់, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, តួរមីនីស្ថាន និងអ៊ូបេគីស្ថាន ខណៈតំបន់ដែលគេទទួលស្គាល់ថាមានប្រទេសខ្លាំងៗ គឺតំបន់អាស៊ីខាងកើត មាន ចិន, ឆាយនីសតៃប៊ិ, កោះហ្គោម, ហុងកុង, ជប៉ុន, កូរ៉េខាងជើង, កូរ៉េខាងត្បូង, ម៉ាកាវ, ម៉ុហ្គោលី និងកោះម៉ារីណាខាងជើង៕

 

ប្រភព៖ the-afc.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់