FIFA អនុម័តជាឯកច្ឆ័ន្ទលើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហព័ន្ធដែលជាសមាជិក

មាស សុផាណារ៉ុង June 26, 2020


 

ស្វីស៖ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានធ្វើការប្រជុំតាមរយៈវីដេអូ កាលពីថ្ងៃទី២៥ ខែមិថុនា និងធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់អនាគតបាល់ទាត់។

ក្រុមប្រឹក្សាភិបាល បានអនុម័តវិធានការណ៍មួយចំនួនក្នុងគោលបំណងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងជួយដល់វិស័យបាល់ទាត់នៅជុំវិញពិភពលោក ក្នុងការប្រឈមមុខនឹងជំងឺរាតត្បាត និងផលវិបាករបស់វា។

យោងតាមគេហទំព័រ FIFA.com សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានប្រកាសពីផែនការផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ជុំវិញបញ្ហា COVID-19 ដោយក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆ័ន្ទលើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ FIFA ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលរបស់ FIFA ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយតំណាងសហព័ន្ធ ដោយមាន ៣ដំណាក់កាល ហើយផែនការគាំទ្រជាសកលនេះ អាចនឹងចំណាយរហូតដល់ទៅ ១,៥ ពាន់លានដុល្លារ ដើម្បីជួយដល់សហគមន៍បាល់ទាត់។

នៅក្នុង ២ដំណាក់កាលដំបូងនៃផែនការនេះ FIFA បានផ្តល់ការទូទាត់ប្រាក់ចំណាយប្រតិបត្តិការ ជាបន្ទាន់ដល់សហព័ន្ធដែលជាសមាជិក ហើយជាបន្តបន្ទាប់ផ្តល់ការគាំទ្របន្ថែមដោយអនុញ្ញាតិឱ្យសហព័ន្ធជាសមាជិកផ្លាស់ប្តូរជំនួយអភិវឌ្ឍន៍ទៅជាមូលនិធិប្រតិបតិ្តការ Covid-19 ហើយអប្បបរមា ៥០ភាគរយនៃថវិកាដែលត្រូវបានបញ្ចេញនឹងត្រូវបានបម្រុងទុកសម្រាប់បាល់ទាត់នារី។

ក្នុងដំណាក់កាលទី៣ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា គឺការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងត្រូវផ្តល់តាមរយៈប្រព័ន្ធជំនួយ និងប្រាក់កម្ចី៖

  • ជំនួយឥតសំណង៖ ជំនួយរួមជាសកលចំនួន ១លានដុល្លារអាមេរិកនឹងត្រូវផ្តល់ជូនដល់សហព័ន្ធដែលជាសមាជិកទាំងអស់ ហើយជំនួយបន្ថែមចំនួន ៥០០,០០០ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូនជាពិសេសសម្រាប់បាល់ទាត់ស្ត្រី។ លើសពីនេះសហព័ន្ធប្រចាំទ្វីបនីមួយៗនឹងទទួលបានជំនួយ ២លានដុល្លារអាមេរិក។
  • ប្រាក់កម្ចី៖ សហព័ន្ធដែលជាសមាជិកនឹងអាចដាក់ពាក្យសុំប្រាក់កម្ចីដោយគ្មានការប្រាក់រហូតដល់ទៅ៣៥% នៃប្រាក់ចំណូលប្រចាំឆ្នាំដែលបានធ្វើសវនកម្ម។ ដើម្បីផលប្រយោជន៍រួមប្រាក់កម្ចីអប្បបរមា អាចខ្ចីបានចំនួន ៥០០,០០០ដុល្លារ និងអតិបរមា ៥លានដុល្លារ។ លើសពីនេះសហព័ន្ធប្រចាំទ្វីបនីមួយៗនឹងទទួលបានប្រាក់កម្ចីចាប់ពី ៤លានដុល្លារអាមេរិកឡើងទៅ។

ទាំងជំនួយ និងប្រាក់កម្ចី អាចត្រូវបានដឹកនាំដោយសហព័ន្ធដែលជាសមាជិកដល់សហគមន៍បាល់ទាត់ធំៗ នៅក្នុងទឹកដីរៀងៗខ្លួនរួមមានក្លិប កីឡាករ, លីគ ឬអ្នកផ្សេងទៀតដែលត្រូវបានរងផលប៉ះពាល់។

ដើម្បីធានាបាននូវការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនៃផែនការនឹងមានការត្រួតពិនិត្យយ៉ាងតឹងរឹងលើការប្រើប្រាស់ថវិកាតម្រូវការសវនកម្ម ក៏ដូចជាល័ក្ខខ័ណ្ឌនៃការសងប្រាក់កម្ចីច្បាស់លាស់។ គណៈកម្មាធិការដឹកនាំផែនការផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ FIFA លើបញ្ហា COVID-19 ក៏នឹងត្រូវបានបង្កើតឡើងផងដែរដើម្បីគ្រប់គ្រង ដោយមាន លោក Olli Rehn អនុប្រធានគណៈកម្មាធិការអភិបាលកិច្ចរបស់ FIFA ត្រូវបានតែងតាំងដើម្បីដឹកនាំគណៈកម្មាធិការនេះ។ លោកក៏ជាទេសាភិបាលនៃធនាគារហ្វាំងឡង់ និងជាសមាជិកក្រុមប្រឹក្សាអភិបាលនៃធនាគារកណ្តាលអ៊ឺរ៉ុប និងជាអតីតអនុប្រធានគណៈកម្មការអឺរ៉ុប ផងដែរ៕

 

ប្រភព៖ FIFA

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់