ក្លិបនៅលីគម៉ាឡេស៊ី ទទួលបានភ្លើងខៀវឲ្យមានការហ្វឹកហាត់ដែលមិនអាចប៉ះទង្គិចរាងកាយគ្នា ឆាប់ៗនេះ

មាស សុផាណារ៉ុង June 26, 2020


 

ម៉ាឡេស៊ី៖ ក្រុមហ៊ុនលីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានផ្តល់ភ្លើងខៀវដល់ក្រុមក្នុងលីគ (M-League) ទាំងលីគទី១ និងលីគទី២ ចំនួន ១៦ក្រុមដើម្បីអាចចាប់ផ្តើមឲ្យមានការហ្វឹកហាត់ដែលអនុញ្ញាតឲ្យមានការប៉ះទង្គិចរាងកាយគ្នាឡើយ នៅពេលឆាប់ៗនេះ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដំបូង។

ក្រុមទាំងនោះមានដូចជា UiTM FC, Selangor, Johor Darul Ta’zim (JDT), Terengganu, Perak, Melaka, Felda United, Kedah (ក្រុមនៅលីគកំពូល) និងក្រុមនៅលីគទី២ ដូចជា Negri Sembilan, Selangor II, JDT II, ​​TFC II, Penang, Kuching FA, Perak II និង Kuala Lumpur។

នាយកប្រតិបត្តិ MFL លោក Datuk Ghani Hassan មានប្រសាសន៍ថា ក្រុមទាំងអស់បានបំពេញតាមតម្រូវការទាំងអស់សម្រាប់ការដាក់ឲ្យអនុម័តតាមកន្លងមក។ ក្នុងចំណោមក្រុមទាំងនោះសុទ្ធតែបញ្ជូនលទ្ធផលតេស្តកូវីដ-១៩ និងនីតីវិធីនៃការហ្វឹកហាត់ ដែលត្រូវបានគេធ្វើអនាម័យត្រឹមត្រូវ ទៅកាន់ MFL។

វគ្គដំបូងនៃការហ្វឹកហាត់ (ការហ្វឹកហាត់ដែលមិនអាចប៉ះទង្គិចរាងកាយគ្នា) បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា។ វគ្គហ្វឹកហាត់ដំបូងនឹងក្លាយជាការប្រមូលទិន្នន័យកីឡាករសម្រាប់ក្រុម។ ប្រសិនបើអ្វីៗដំណើរការបានល្អ វគ្គទី២ នឹងចាប់ផ្តើមបន្ទាប់ពីនោះ។

លោក Ghani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា៖ «ក្រុមនានាបានប្រកាន់ខ្ជាប់នូវនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការហ្វឹកហាត់។»

ប្រសិនបើចំនួនករណីឆ្លងកូវីដ-១៩ នៅតែទាប លីគបាល់ទាត់ម៉ាឡេស៊ី (M-League) នឹងចាប់ផ្តើមឡើងវិញនៅខែសីហា ឬខែកញ្ញា។ ទន្ទឹមនឹងនេះដែរ លោក Ghani បាននិយាយថាក្រុម PJ City FC នៃលីគកំពូលម៉ាឡេស៊ី បានបំពេញនូវតម្រូវការទាំងអស់លើកលែងតែការបញ្ជាក់ពីកន្លែងហ្វឹកហាត់របស់ពួកគេ។

យ៉ាងណាមិញក៏នៅមានក្លិបដូចជា Pahang, Police និង Sabah នៃលីគកំពូល, និងក្លិប Kelantan, Kelantan United, UKM FC និង Sarawak United នៃលីគទី២ មិនទាន់បានដាក់ពាក្យស្នើសុំការហ្វឹកហាត់ដែលមិនអាចប៉ះទង្គិចរាងកាយគ្នា នៅឡើយទេ។

«យើងសង្ឃឹមថាក្រុមនឹងត្រៀមខ្លួនប្រសិនបើយើងទទួលបានការយល់ព្រមដើម្បីចាប់ផ្តើម M-League នៅខែសីហា។ ប្រសិនបើយើងចាប់ផ្តើមខែសីហានេះ ការប្រកួតនឹងមិនមមាញឹកពេកទេ។ ក្រុមនឹងមានពេលច្រើនដើម្បីត្រៀមប្រកួត។ លើសពីនេះទៅទៀត វានឹងផ្តល់ពេលវេលាច្រើនសម្រាប់ក្រុមជម្រើសជាតិ ដើម្បីត្រៀមសម្រាប់ការប្រកួត មុនការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក នៅខែតុលាខាងមុខនេះ។» លោក Ghani បានបន្ថែម៕

 

ប្រភព៖ new strait times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់