អវត្តមាន U-16 និង U-19 ថៃ ក្នុងពានយុវជនទ្វីបអាស៊ីឆ្នាំ២០២០ នេះ គឺជាលើកដំបូងរបស់គេគិតចាប់តាំងពីឆ្នាំ១៩៩០

មាស សុផាណារ៉ុង June 19, 2020


 

ថៃ៖ កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានធ្វើការចាប់ពូលពានរង្វាន់យុវជន ២ផ្សេងពីគ្នា គឺទាំងកម្រិតអាយុក្រោម ១៦ឆ្នាំ និងក្រោម ១៩ឆ្នាំ (AFC U-16 Championship & AFC U-19 Championship) ខណៈអ្វីដែលអ្នកគាំទ្របាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចាប់អារម្មណ៍ផងដែរនោះ គឺការអវត្តមានក្រុមយុវជនថៃ ទាំងពីរឈុត នៅជុំផ្ដាច់ព្រ័ត្រនេះ។

មុនឆ្លងកាត់ចូលដល់ជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ទាំង២ ដដែលខាងលើត្រូវឆ្លងកាត់ការប្រកួតជម្រុះតាមតំបន់ជាមុនសិន ពោលគឺមានខាងលិច និងខាងកើត ដែលមានចំនួនក្រុមច្រើនជាង ៤០ប្រទេស ឬតិចជានេះ ទៅតាមឆ្នាំដែលពួកគេសម្រេចបញ្ជូនក្រុមចូលរួម ឬមិនចូលរួមប្រកួត ទើបអាចរកក្រុមត្រឹម ១៦ក្រុមប៉ុណ្ណោះដើម្បីឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ (កែប្រែប្រព័ន្ធប្រកួតថ្មី ចាប់តាំងពីឆ្នាំ២០០៨ មក) ខណៈឆ្នាំនេះ ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់កម្ពុជា រួមនៅផងដែរ គឺមានចំនួនក្រុមច្រើននៅក្នុងពាន AFC U-19 ពោលគឺដល់ទៅ ៦ក្រុម ដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ និងអូស្ត្រាលី ស្របពេលដែលពាន AFC U-16 មាន ២ក្រុមផងដែរ គឺឥណ្ឌូនេស៊ី និងអូស្ត្រាលី ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតគឺក្រុមដែលត្រូវបានគេចាត់ទុកថាជាខ្លាំងនៅអាស៊ីអាគ្នេយ៍ ជម្រើសជាតិយុវជនថៃ ពុំមានវត្តមានទាំងពីរកម្មវិធីខាងលើផ្ទាល់តែម្ដង ដែលនេះត្រូវបានចាត់ទុកថាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០ មក។

យោងតាមទិន្នន័យ កម្រនឹងមានឆ្នាំណាមួយដែលមិនឃើញទង់ជាតិថៃ នៅក្នុងជុំផ្ដាច់ព្រ័ត្រពានទាំង ២ខាងលើឡើយ បានសេចក្ដីថាបើទោះបីជាឆ្នាំណាមួយ U-16 អវត្តមាន ក៏ U-19 ថៃ មានវត្តមានដែរ ជាក់ស្ដែងបើគិតត្រឹមឆ្នាំ១៩៩០មក ដែលជាឆ្នាំចុងក្រោយ ឈុតទាំងពីររបស់ថៃ អវត្តមានក្នុងពានយុវជនទ្វីបអាស៊ី ឆ្នាំបន្តបន្ទាប់យ៉ាងហោចណាស់ក៏មាន ១ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រផងដែរ មានដូចជា៖

  • ១៩៩០៖ U-19 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ១៩៩២៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ១៩៩៤៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ១៩៩៦៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ១៩៩៨៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០០០៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០០២៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០០៤៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០០៦៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០០៨៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០១០៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០១២៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០១៤៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០១៦៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០១៨៖ U-19 បានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 បានឡើងជុំផ្ដាច់ព្រ័ត្រ
  • ២០២០៖ U-19 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ / U-16 មិនបានឡើងជុំផ្ដាច់ព្រ័ត្រ

សូមរំឭកផងដែរថា AFC U-16 Championship 2020 នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ខណៈ AFC U-19 Championship 2020 ចាប់ផ្ដើមនៅថ្ងៃទី១៤​ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់