ក្លិបដែល ធារី ចន្ថាប៊ីន កំពុងប្រកបអាជីពជាមួយ និងក្រុមផ្សេងទៀតធ្វើតេស្តរកកូវីដ-១៩ មុនចាប់លីគវិញ

មាស សុផាណារ៉ុង June 17, 2020


 

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានក្លិបចំនួន៥ ក្នុងលីគកំពូលម៉ាឡេស៊ី (MSL) បានស្វែងរកភាពច្បាស់លាស់ក្នុងការពិនិត្យរកមើលថាពួកគេគ្មានផ្ទុកមេរោគកូវីដ-១៩ នៅមុនពេលដែលដំណើរការហ្វឹកហាត់ឡើងវិញ ក៏ដូចជាមុនចាប់ផ្ដើមលីគជាថ្មី។

បន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុនក្នុងការអនុញ្ញាតឲ្យកីឡាបាល់ទាត់វិលត្រឡប់មកហ្វឹកហាត់វិញ កីឡាករ និងមន្រ្តីត្រូវបានធ្វើតេស្ត មុនពេលអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញ។

ជាលទ្ធផល គឺយ៉ាងហោចណាស់មានក្រុមចំនួន៥ បានបញ្ជាក់ពីការគ្មានជំងឺរាតត្បាត COVID-19 រួមមានក្លិប Kedah, ក្លិប Perak (ដែល ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយ), ក្លិប Pulau Pinang, ក្លិប Melaka និងក្លិប Negeri Sembilan។

ក្រុមផ្សេងទៀតនៅក្នុងលីគកំពូលម៉ាឡេស៊ី កំពុងរង់ចាំលទ្ធផលបន្ទាប់ពីបានធ្វើតេស្តិ៍ ក្នុងរយៈពេលពីរ បីថ្ងៃចុងក្រោយនេះ។

“ការធ្វើតេស្ត” គឺជាការចាំបាច់ ហើយជាផ្នែកមួយនៃស្តង់ដារ (SOP) ដែលត្រូវបានណែនាំសម្រាប់កីឡាបាល់ទាត់ ដែលត្រឡប់មកប្រទេសម៉ាឡេស៊ីវិញ។ ចំពោះ SOP ត្រូវបានបង្កើតឡើងដោយមានគោលការណ៍ណែនាំពីក្រុមប្រឹក្សាសន្តិសុខជាតិ (MKN) ក្រសួងសុខាភិបាលម៉ាឡេស៊ី (KKM) និងក្រសួងយុវជន និងកីឡា (KBS)។

គួរបញ្ជាក់ថាលីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនា៕

 

ប្រភព៖ aseanfootball

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់