គ្រូអ៊ូបីគីស្ថាន ចង់ឈ្នះពាន AFC U-19 Championship ក្នុងនាមខ្លួនជាម្ចាស់ផ្ទះ

មាស សុផាណារ៉ុង June 16, 2020


 

អ៊ូបីគីស្ថាន៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលនឹងធ្វើនៅប្រទេសអ៊ូបីគីស្ថាន នឹងឈានដល់ការចាប់ពូល នៅថ្ងៃទី១៨ មិថុនា ខាងមុខនេះ គ្រាដែលម្ចាស់ផ្ទះផ្ទាល់ បានដាក់គោលដៅឈ្នះពានផ្ទាល់តែម្ដង។

ការចាប់ពូលពានរង្វាន់ដដែលនេះ នឹងត្រូវធ្វើឡើងនៅស្នាក់ការកណ្ដាលរបស់ AFC ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នឹងធ្វើការបែងចែកពូល ៤ពូលដែល ពីក្រុមចំនួន ១៦ នៅមុនការប្រកួតនៅខែតុលា។

គ្រូបង្វឹក លោក Timur Kapadze បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាកីឡាករម្នាក់ដែលមានអាជីពយូរអង្វែង និងជោគជ័យ ខ្ញុំកំពុងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កីឡាករវ័យក្មេងទាំងនេះ ហើយខ្ញុំសង្ឃឹមថាវាអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេ។ ជាការពិតខ្ញុំចូលចិត្តការប្រកួតបែបប្រយុទ្ធ ប៉ុន្តែវាមិនមែនមានន័យថាក្រុមរបស់យើងនឹងប្រើក្បាច់បែប្រយុទ្ធឡើយ។ វាត្រូវតែត្រូវគ្នាជាមួយនឹងជំនាញ និងសមត្ថភាពបច្ចេកទេសរបស់កីឡាករ។»

«ខ្ញុំគិតថាយើងមានកីឡាករខ្លាំងៗ ខាងតាក់ទិច និងបច្ចេកទេស ដូច្នេះវានឹងមិនមានឧបសគ្គក្នុងការធ្វើឲ្យមានតុល្យភាពក្នុងការប្រយុទ្ធឡើយ និងការពារទៅតាមទម្រង់ខុសៗគ្នានោះទេ។ តាមរបៀបនេះយើងមានគោលបំណងដើម្បីឈ្នះពាននេះ ក្នុងនាមជាម្ចាស់ផ្ទះ។» គ្រូបង្វឹកវ័យ ៣៨ឆ្នាំរូបនេះបានបន្ថែម។

លោក Kapadze បានបន្តទៀតថា៖ «យើងបានវិលត្រឡប់ទៅហ្វឹកហាត់នៅជំរំហ្វឹកហាត់កាលពីសប្តាហ៍មុន។ ខ្ញុំគិតថាយើងនៅមានពេលវេលាគ្រប់គ្រាន់ ហើយយើងអាចត្រៀមខ្លួនស្ទើរតែទាំងស្រុងសម្រាប់ការប្រកួត AFC U-19 Championship។ ផែនការរបស់យើងជាច្រើនត្រូវបានបំផ្លាញដោយសារការឆ្លងរាលដាលវីរុសកូរ៉ូណា ដូច្នេះវារំខានដល់ការប្រកួតមិត្តភាពជាមួយក្រុមបរទេសទាំងក្នុង និងក្រៅប្រទេស។ យើងគ្រោងនឹងប្រកួតមិត្តភាពជាមួយក្លិបក្នុងស្រុក។ ទោះយ៉ាងណាយើងអាចរៀបចំការហ្វឹកហាត់ និងមានឱកាសលេងជាមួយក្រុមបរទេសនៅខែសីហា និងកញ្ញាប្រសិនបើស្ថានភាពអំណោយផល។»

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ២០២០ គឺនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន ដោយមានប្រទេសចំនួន ១៦ចូលរួម (កម្ពុជា ក៏ចូលរួមផងដែរ) ហើយការចាប់ពូល នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ដោយ កម្ពុជា ស្ថិតនៅប្រអប់ចាប់ពូលទី៣ ជាមួយប្រទេសម៉ាឡេស៊ី, អ៊ីរ៉ាក់ និងវៀតណាម ដែលបានសេចក្ដីថានឹងមិនស្ថិតនៅពូលជាមួយគ្នាឡើយ ខណៈប្រអប់ចាប់ពូល ៣ផ្សេងទៀត រួមមាន ប្រអប់ទី១ អ៊ូបីគីស្ថាន (ម្ចាស់ផ្ទះ), អារ៉ាប់បីតសាវឌីត, កូរ៉េខាងត្បូង និងកាតា។ ប្រអប់ទី២ ជប៉ុន, តាជីគីស្ថាន, អូស្ត្រាលី និងឥណ្ឌូនេស៊ី។ ប្រអប់ទី៤ អ៊ីរ៉ង់, យេម៉ែន, បារ៉ែន​ និងឡាវ ដែលក្រុមទាំង ១២ពីប្រអប់ទាំង ៣នេះ ដែលកម្ពុជា អាចត្រូវរួមពូលជាមួយ៕

 

ប្រភព៖ the-afc.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់