សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បញ្ជាក់ពីកាលវិភាគសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ

មាស សុផាណារ៉ុង June 16, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបញ្ជាក់ថាពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup) ឆ្នាំនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដដែល។

អនុប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ លោក Tran Quoc Tuan បានជួបប្រជុំតាមរយៈវីដេអូអនឡាញ ជាមួយសមាជិកក្រុមប្រឹក្សាសហព័ន្ធនៅចុងសប្តាហ៍។

កិច្ចប្រជុំនេះក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ក្លិបហ្វូតសាលអាស៊ីអាគ្នេយ៍ (Asean Futsal Club Championship) ចាប់ពីថ្ងៃទី ២-៧ ខែធ្នូ ឆ្នាំ២០២០ និងជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍ (Asean Futsal Championship) ចាប់ពីថ្ងៃទី ២៥-៣១ ខែមករា ឆ្នាំ២០២១ ដោយប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ទាំងពីរនេះ។

ការចាប់ពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) នៅឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅខែសីហា នៅប្រទេសវៀតណាម។

សមាជិកក្រុមប្រឹក្សា ក៏បានអនុញ្ញាតិអោយអនុវត្តតាមច្បាប់ចុងក្រោយរបស់ FIFA ដែលអនុញ្ញាតឲ្យក្រុមនីមួយៗធ្វើការផ្លាស់ប្ដូរកីឡាករ បានចំនួន ៥នាក់ និងអនុញ្ញាតឲ្យក្រុមនានាអាចចុះបញ្ជីកីឡាករបានច្រើនជាងក្រុមធម្មតា។ ទោះយ៉ាងណាសំណើទាំងនេះនឹងត្រូវពិនិត្យឡើងវិញនៅកិច្ចប្រជុំអនឡាញបន្ទាប់របស់ក្រុមប្រឹក្សា AFF៕

 

ប្រភព៖ sports442.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់