វៀតណាម បង្កើនល្បឿនបញ្ចូលកីឡាករកូនកាត់ និងអ្នកជំនាញបរទេសមករួមក្រុមជម្រើសជាតិ

មាស សុផាណារ៉ុង June 16, 2020


 

វៀតណាម៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបញ្ជាក់ថាកីឡាករកូនកាត់វៀតណាម អាចនឹងត្រូវបានកោះហៅចូលជម្រើសជាតិ សម្រាប់ ៣ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក (FIFA World Cup qualify) ចុងឆ្នាំនេះ។ សារព័ត៌មាន Zing បានចុះផ្សាយ។

មានយោបល់ជាមួយអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Le Hoai Anh បាននិយាយថា វៀតណាមបានដឹងអំពីសកម្មភាពអស្ចារ្យនៃកីឡាករចូលសញ្ជាតិម៉ាឡេស៊ី ដែលជាគូប្រជែងដំបូងរបស់ក្រុមជម្រើសជាតិវៀតណាម នៅវគ្គជម្រុះ World Cup នៅចុងឆ្នាំនេះ។ ដូច្នេះ VFF ក៏គ្រោងនឹងបន្ថែមកម្លាំងធ្វើឲ្យមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់បន្ថែមទៀតដើម្បីតទល់ជាមួយ ម៉ាឡេស៊ី។

កន្លងមក VFF ធ្លាប់បានបង្ហើបម្តងហើយម្តងទៀតថាពួកគេកំពុងតាមដានអ្នកចាំទីកូនកាត់វៀតណាម-ឆេក Filip Nguyen ជាអ្នកចាំទីដែលកំពុងលេងនៅសាធារណរដ្ឋឆែក ត្រូវបានគេចាត់ទុកថាជាជនជាតិវៀតណាម ដែលមានកំរិតខ្ពស់នៅបរទេស ហើយទទួលបានការចាប់អារម្មណ៍ពីវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដំណើរការសុំសញ្ជាតិទី២ របស់គេកំពុងបន្ត ហើយទំនងជាត្រូវបានបញ្ចប់មុនពេលការប្រកួតរវាងប្រទេសម៉ាឡេស៊ី និងវៀតណាម នៅខែតុលា។

ការងារមួយទៀតដែល VFF កំពុងព្យាយាម គឺសុំការអនុញ្ញាតដើម្បីនាំនាយកបច្ចេកទេសថ្មី Yusuke Adachi មកកាន់ប្រទេសវៀតណាម។ មុននេះរដ្ឋាភិបាលបានអនុញ្ញាតឲ្យលោក Adachi ចូលប្រទេសវៀតណាម ក្នុងនាមជាអ្នកជំនាញជាន់ខ្ពស់។ អ្នកជំនាញជប៉ុន នឹងបញ្ចប់នីតិវិធីចុងក្រោយមុនពេលចូលប្រទេសវៀតណាមនៅពេលក្រោយ។

ដោយសារតែប្រទេសវៀតណាមមិនទាន់បើកជើងហោះហើរអន្តរជាតិឡើងវិញនៅឡើយ លោក Adachi នឹងចូលប្រទេសវៀតណាមតាមរយៈជើងហោះហើរពិសេស។ គាត់នឹងឆ្លងកាត់ដំណើរការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ យោងទៅតាមបទបញ្ជារបស់រដ្ឋ។

ពាក់ព័ន្ធនឹងអ្នកជំនាញបរទេសផងដែរ ថ្មីៗនេះ VFF បានប្រកាសកិច្ចសន្យាជាមួយគ្រូពេទ្យកូរ៉េ លោក Choi Ju-young ប្រចាំសហព័ន្ធ។ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា លោក Choi បានធ្វើការជាមួយកីឡាករវៀតណាម ដែលរងរបួសចំនួន ២នាក់ គឺ Do Duy Manh និង Tran Dinh Trong។

ក្រុមមួយទៀតដែលនឹងមានអ្នកជំនាញបរទេសឆាប់ៗនេះគឺក្រុមជម្រើសជាតិនារីវៀតណាម។ គ្រូបង្វឹក Mai Duc Chung នឹងទទួលបានការគាំទ្រពីគ្រូបង្វឹកសម្បទាជនបរទេស។ VFF កំពុងស្វែងរក ហើយនឹងប្រកាសពីអត្តសញ្ញាណគ្រូរូបនោះឆាប់ៗនេះ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់