សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ប្រឈមភាពលំបាកក្នុងការកោះហៅកីឡាករជម្រើសជាតិចូលជំរំហ្វឹកហាត់រយៈពេលខ្លី

មាស សុផាណារ៉ុង June 15, 2020


 

ម៉ាឡេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) គ្រោងនឹងរៀបចំជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិ រយៈពេលខ្លីនៅខែក្រោយ។ ទោះយ៉ាងណាវាប្រហែលជាមិនដំណើរការល្អជាមួយក្លិបប្រសិនបើ លីគបាល់ទាត់នៅម៉ាឡេស៊ី (M-League) ចាប់ផ្តើមឡើងវិញនៅខែកញ្ញា។

ក្រុមនៅលីគបាល់ទាត់ម៉ាឡេស៊ី (M-League) ត្រូវបានអនុញ្ញាតិឱ្យធ្វើការហ្វឹកហាត់ដោយមិនឲ្យមានការប៉ះទង្គិចរាងកាយគ្នា ដែលចាប់ផ្តើមពីថ្ងៃនេះ។ លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិបាននិយាយថា បញ្ហាដែលត្រូវធ្វើជំរុំខ្លីនៅខែក្រោយនេះកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។

«យើងក៏យល់ផងដែរថាក្លិបទាំងអស់ប្រហែលជាត្រូវការកីឡាកររបស់ពួកគេដើម្បីការហ្វឹកហាត់របស់ពួកគេរៀងៗខ្លួន។ ពួកគេត្រូវការត្រៀមសម្រាប់ការបន្តរដូវកាល ប្រសិនបើលីគចាប់ផ្តើមនៅខែកញ្ញា។ ទោះយ៉ាងណាក៏ដោយ វានៅតែកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ។» សម្ដីរបស់គ្រូបង្វឹកជម្រើសជាតិ លោក Tan Cheng Hoe។

ជម្រើសជាតិម៉ាឡេស៊ី ទំនងជានឹងចាប់ផ្តើមការប្រកួតរបស់ពួកគេជាមួយនឹងការប្រកួតត្រៀម មុនការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) នៅខែតុលា បន្ទាប់មកព្រឹត្តិការណ៍ ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) នៅរង្វង់ពីថ្ងៃទី២៣ វិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ។

លោក Tan Cheng Hoe បាននិយាយថា ពានរង្វាន់ AFF ក៏ជាអាទិភាពសម្រាប់ក្រុមរបស់លោកផងដែរ។ «ពិតណាស់ កីឡាករឆ្នើមៗនៅក្នុងប្រទេសនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតពានរង្វាន់ AFF។» សម្ដីលោក Tan Cheng Hoe។

ក្នុងការប្រកួតកាលពីឆ្នាំ២០១៨ ម៉ាឡេស៊ី បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ដដែលនេះជាមួយវៀតណាម ដោយចាញ់ ៣-២ សរុបទាំងពីរជើងក្នុងវគ្គផ្តាច់ព្រ័ត្រ។

សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការផ្លាស់ប្តូរច្បាប់ និងបទបញ្ញត្តិនានានៃព្រឹត្តិការណ៍ AFF Cup បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)

ដោយក្រុមនីមួយៗអាចមានកីឡាករ ៧០នាក់ ជំនួសឲ្យ ៥០នាក់នៅក្នុងបញ្ជីឈ្មោះជ្រើសរើសបណ្តោះអាសន្នរបស់ពួកគេ។ ក្រុមទាំងអស់ក៏នឹងត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះកីឡាករចំនួន ៣០នាក់ជំនួសឲ្យកីឡាករ ២៣នាក់ សម្រាប់ការប្រកួតនីមួយៗ លើសពីនេះក៏អាចអនុញ្ញាតឲ្យក្រុមនីមួយៗធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥នាក់អំឡុងពេលប្រកួតផងដែរ។

ដើម្បីធានាសុវត្ថិភាពដល់កីឡាករ ប្រទេសវៀតណាម អាចត្រូវបានប្រគល់ការងារធ្វើជាម្ចាស់ផ្ទះរៀបចំការចាប់ពូលក្នុងព្រឹត្តិការណ៍បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (AFF Cup)៕

 

ប្រភព៖ nst.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់