ខ្សែការពារ Maya Yoshida ថាការប្រកួតជាមួយវៀតណាម ពេលបច្ចុប្បន្ន ពិបាកជាង ៧ ឬ៨ឆ្នាំមុន

មាស សុផាណារ៉ុង June 15, 2020


 

អ៊ីតាលី៖ ខ្សែការពារជម្រើសជាតិជប៉ុន និងជាសមាជិកក្លិប Sampdoria (ខ្ចីជើងពី Southampton ) កីឡាករ Maya Yoshida ជឿជាក់ថាគំលាតរវាងក្រុមនៅអាស៊ី កំពុងឈានដល់កម្រិតប្រហាក់ប្រហែលគ្នា។

Yoshida បានប្រាប់សារព័ត៌មាន ESPN នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅថា៖ «នៅក្នុងព្រឹត្តិការណ៍ Asian Cup 2019 ជប៉ុនបានយកឈ្នះក្រុមវៀតណាម ១-០។ កាលពី ៧ ឬ៨ ឆ្នាំមុនយើងអាចយកឈ្នះពួកគេបានយ៉ាងងាយស្រួល ប៉ុន្តែពេលនេះវាពិបាកជាង។ ឧទាហរណ៍មួយទៀតគឺ ថៃ។ ពួកគេចំណាយលុយជាច្រើនដើម្បីជួលគ្រូបង្វឹក Akira Nishino ដែលបានដឹកនាំជប៉ុន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៨។»

ក្នុងវគ្គ ១/៤ នៃព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី (Asian Cup 2019) ជប៉ុន បានទម្លាក់វៀតណាម ដោយគ្រាប់បាល់របស់ Ritsu Doan។ ទោះយ៉ាងណានៅក្នុងការព្រឹត្តិការណ៍ដដែលនេះ ក្នុងឆ្នាំ២០០៧ ជប៉ុន ធ្លាប់បានបំបាក់ម្ចាស់ផ្ទះវៀតណាម ៤-១ នៅកីឡដ្ឋាន My Dinh។

ជប៉ុនបញ្ចប់ត្រឹមចំណាត់លេខ២ ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ Asian Cup 2019 ដោយចាញ់កាតា ១-៣ នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ពួកគេចាញ់ប៊ែលហ្ស៊ិក ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ក្នុងឆ្នាំ២០១១ ពួកគេធ្លាប់មានចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) លេខ១៩ តែឥឡូវធ្លាក់ដល់លេខ២៨។

វៀតណាម បច្ចុប្បន្នកំពុងស្ថិតក្នុងសភាពល្អប្រសើរដោយបានគ្រងជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Cup 2018) កាលពីឆ្នាំ២០១៨ និងនាំមុខពូល G វគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ប្រចាំទ្វីបអាស៊ី និងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៩៤ របស់ FIFA នៅក្រោមកំណត់ត្រាដែលល្អបំផុតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ១៩៩៨ (លេខ ៨៤) តែ ១០លេខទៀតប៉ុណ្ណោះ។

Yoshida គឺជាកីឡាករជប៉ុនម្នាក់ដែលទទួលបានជោគជ័យបំផុតនៅអឺរ៉ុប។ គាត់បានលេងរយៈពេល ៧ឆ្នាំកន្លះសម្រាប់ក្លិប Southampton (ពីឆ្នាំ ២០១២) មុនពេលទៅក្លិប Sampdoria ក្នុងលក្ខខណ្ឌខ្ចីជើង៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់