សហព័ន្ធកីឡាបាល់ទាត់ព្រុយណេ រៀបគំរោងសម្រាប់ការចាប់ផ្តើមបាល់ទាត់ឡើងវិញ

មាស សុផាណារ៉ុង June 13, 2020


 

បង់ដារសិរីបេហ្គាវ៉ាន់៖ សហព័ន្ធកីឡាបាល់ទាត់ព្រុយណេ (NFABD) គ្រោងនឹងចាប់ផ្តើមបាល់ទាត់ឡើងវិញនៅក្នុងប្រទេស បន្ទាប់ពីការបន្ធូរបន្ថយការបិទប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រទេសព្រុយណេ មិនបានកត់ត្រាករណីថ្មីនៃការឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី០៧ ខែឧសភាឆ្នាំ ២០២០ ជាមួយនឹងចំនួនសរុបនៃការឆ្លងនៅតែឈរនៅ ១៤១ករណីដដែល។

លោក Pengiran Matusin Pengiran Matasan ប្រធាន NFABD បានមានប្រសាសន៍ថា៖ «យើងចង់ពាំនាំយកបាល់ទាត់ត្រលប់មកកាន់ប្រទេសវិញ ប៉ុន្តែយើងត្រូវធានាថាយើងមានសុវត្ថិភាពពីជំងឺកូវីដ-១៩។ យើងដឹងច្បាស់ពីការខិតខំរបស់រដ្ឋាភិបាល ដើម្បីធានាថាយើងអនុវត្តតាមវិធានការនៃការការពារជំងឺកូវីដ-១៩ យ៉ាងតឹងរឹង ហើយយើងក៏ចង់ជួយរដ្ឋាភិបាលផងដែរដោយធ្វើតាមការណែនាំស្តីពីការរក្សាគម្លាតសង្គម។»

«យើងកំពុងរង់ចាំឱកាសជួបជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា នាពេលឆាប់ៗនេះ។ យើងមានក្រុមមួយចំនួនដែលចង់ចាប់ផ្តើមលេងបាល់ទាត់ម្តងទៀត ប៉ុន្តែយើងមិនចង់ធ្វើបែពនេះដោយគ្មានភ្លើងខៀវពីអាជ្ញាធរនោះទេ។» លោក Pengiran Matusin Pengiran Matasan បានបន្ថែម។

គួរដឹងដែរថា លីគកំពូលព្រុយណេ បានចាប់ផ្ដើមតាំងពីចុងខែមករា ប៉ុន្តែសម្រេចផ្អាកកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោយទើបចាប់ផ្ដើមបាន ២សប្ដាហ៍ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ លើប្រទេសដីកោះសម្បូររ៉ែប្រេងកាតមួយនេះ៕

 

ប្រភព៖ borneobulletin.com.bn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់