ម៉ាឡេស៊ី អនុញ្ញាតឲ្យមានការហ្វឹកហាត់កីឡាជាក្រុមឡើងវិញ ប៉ុន្តែមិនឲ្យប៉ះទង្គិចរាងកាយគ្នា

មាស សុផាណារ៉ុង June 11, 2020


 

ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុមនៅលីគម៉ាឡេស៊ី (M-League) ឥឡូវនេះនឹងត្រូវបានអនុញ្ញាតដោយ ក្រសួងយុវជន និងកីឡា ឲ្យហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីអសកម្មអស់រយៈពេលជិត ៣ខែ។

រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា លោក Datuk Seri Reezal Merican Naina Merican បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការចូលរួមប្រកួតកីឡាក្នុងក្រុមដូចជាបាល់ទាត់, បាល់ឱប, កីឡាវាយកូនបាល់លើសាល (​Hockey) នៅតែត្រូវបានរារាំង ប៉ុន្តែការហ្វឹកហាត់ត្រូវបានអនុញ្ញាត។

ការប្រកាសរបស់នាយករដ្ឋមន្រ្តី Tan Sri Muhyiddin Yassin កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យមានសំណួរជាច្រើនស្តីពីស្ថានភាពនៃលីគបាល់ទាត់ម៉ាឡេស៊ី M-League និងសកម្មភាពបាល់ទាត់នៅក្នុងប្រទេស ប៉ុន្តែលោក Reezal បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា ការហ្វឹកហាត់កីឡាជាក្រុមត្រូវបានអនុញ្ញាតិ ដោយមិនឲ្យមានការប៉ះទង្គិចរាងកាយគ្នាឡើយ និងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ដូចជាការរក្សាគម្លាតសង្គមជាដើម។

«រាល់ការប្រកួតកីឡាទាំងអស់នៅតែត្រូវបានរារាំង។ ទោះយ៉ាងណាកីឡាជាក្រុមឥឡូវត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ដោយមិនមានការប៉ះទង្គិចរាងកាយ។ អ្វីដែលមិនត្រូវបានអនុញ្ញាតគឺការប្រកួត។»

លោក Reezal បានបន្ថែមទៀតថាសេចក្តីសម្រេចនេះគឺសម្រាប់រយៈពេលចាប់ពីថ្ងៃទី១០ ខែមិថុនាដល់ថ្ងៃទី៣១ ខែសីហា ប៉ុន្តែប្រសិនបើស្ថានភាព Covid-19 នៅក្នុងប្រទេសមានភាពប្រសើរឡើង សកម្មភាពកីឡាអាចត្រូវបានអនុញ្ញាតឱ្យដំណើរការក្រោមបទដ្ឋានថ្មី។

ការអនុញ្ញាតនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិ ក្រោមសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ក្រុមនៅក្នុងក្របខ័ណ្ឌលីគម៉ាឡេស៊ី (M-League) បានបន្តការហ្វឹកហាត់ឡើងវិញដោយគ្មានទំនាក់ទំនងការសម្បទា (មិនឲ្យមានការប៉ះពាល់រាងកាយ)។

«នេះជាដំណាក់កាលទី១ ដែលអនុញ្ញាតឲ្យមានការហ្វឹកហាត់កីឡាជាក្រុម។ ចូរយើងរីករាយជាមួយដំណាក់កាលនេះជាមុនសិន ហើយនៅពេលដែលស្ថានភាពកាន់តែប្រសើរឡើងយើងអាចមើលឃើញបទប្បញ្ញត្តិធូរស្រាលជាងមុន។» លោករដ្ឋមន្ត្រីដដែលបានបន្ថែម។ លោក Reezal បាននិយាយថា លោកមានទំនុកចិត្តថាសហគមន៍កីឡានៅក្នុងប្រទេសនឹងអាចទទួលយកបទដ្ឋានថ្មី និងបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថាលីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនា៕

 

ប្រភព៖ thestar.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់