លីគកំពូលវៀតណាម ចាប់ផ្ដើមពីថ្ងៃទី០៥ មិថុនា ជាមួយនឹងរូបមន្តថ្មីបន្ថយហានិភ័យនៃការឆ្លង កូវីដ-១៩

មាស សុផាណារ៉ុង June 4, 2020


 

វៀតណាម៖ ការប្រកួតបាល់ទាត់លីគកំពូលវៀតណាម (V. League 1) នឹងចាប់ផ្តើមដំណើរការជាផ្លូវការឡើងវិញនៅដើមខែមិថុនានេះ ពោលគឺចាប់ពីថ្ងៃទី០៥ ស្អែកនេះតទៅ ជាមួយនឹងទម្រង់ថ្មីបន្ទាប់ពីផ្អាកបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ កាលពីដើមឆ្នាំ។

អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Le Hoai Anh បាននិយាយថា លីគនឹងមានការប្រកួតសរុបចំនួន ១៣៤ប្រកួត ក្នុងនោះ ១៤ប្រកួតបានប្រកួតរួចហើយ នៅក្នុងខែមីនា។ ការប្រកួតឡើងវិញនឹងត្រូវប្រកួតនៅថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែតុលា ប្រកួតតែ ១ជើងប៉ុណ្ណោះដើម្បីកាត់បន្ថយការប្រកួតច្រើនជៀសវាងហានិភ័យនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សារជាថ្មី បន្ទាប់ក្នុងចំណោម ១៤ក្លិប នឹងត្រូវបែងចែកជា ២ផ្នែកផ្សេងគ្នា ដោយក្រុមខ្លាំងចំនួន៨ (ចំណាត់ថ្នាក់លេខ១ ដល់លេខ៨) ត្រូវនៅក្នុងពូល A ប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ហើយក្រុមបាតតារាងចំនួន៦ (ចំណាត់ថ្នាក់លេខ៩ ដល់លេខ១៤) ត្រូវប្រឈមមុខគ្នាដើម្បីកំណត់រកក្រុមដែលត្រូវកាត់ចេញទៅលីគទី២។

រដូវកាលនេះមានតែក្រុមពីលីគទី១ (V. League 1) ១ក្រុមប៉ុណ្ណោះ (ចំណាត់ថ្នាក់ទី ១៤) នឹងត្រូវកាត់ទៅលេងនៅលីគទី២ (V. League 2) ហើយក្រុមជើងឯក មកពីលីគទី២ នឹងត្រូវឡើងមកលេងលីគកំពូល ខណៈកាលពីរដូវកាលមុន ក្រុមចំណាត់ថ្នាក់លេខ១៣ នៅ V. League 1 ត្រូវចូលរួមប្រកួតជម្រុះជាមួយក្រុមចំណាត់ថ្នាក់លេខ២ នៅ V. League 2 ដើម្បីសម្រេច ថាតើពួកគេនឹងត្រូវកាត់ចេញ ឬបន្ត។

ដោយឡែកព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្រិតទី២ ប្រចាំប្រទេស ឆ្នាំ២០២០ (National Cup) នឹងរក្សាទ្រង់ទ្រាយនៃការប្រកួតជម្រុះតែមួយជើងរបស់ខ្លួនដដែល ជាមួយនឹងការប្រកួតសរុបចំនួន២៥ ដែលចែកចេញជា ៥ជុំ។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ឧសភា មកម្លេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា។

សម្រាប់ចំនួននៃការប្តូរកីឡាករក៏ត្រូវបានកែសំរួលសម្រាប់លីគបាល់ទាត់វៀតណាម ទាំងពីរ (V. League 2020) ផងដែរ ដោយក្រុមនីមួយៗអាចផ្លាស់ប្ដូរកីឡាករ បាន ៥នាក់ ក្នុងការប្រកួតជំនួសឲ្យពេលធម្មតាដែលផ្លាស់ប្ដូរបានតែ ៣នាក់ ស្របពេលដែលទស្សនិកជន នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនា ប៉ុន្តែស្ថិតនៅក្នុងចំនួនដែលត្រូវបានកំណត់។

សូមបញ្ជាក់ថា លីគបាល់ទាត់វៀតណាម គឺជាលីគដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានដំណើរការការប្រកួតឡើងវិញ បន្ទាប់ពីផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅជុំវិញសាកលលោក៕

 

ប្រភព៖ e.vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់