លីគកំពូលឡាវ ត្រៀមប្រកួតរដូវកាលថ្មីនៅខែក្រោយ មាន ៧ក្រុមចូលរួម និងលេងតែមួយកីឡដ្ឋានរួមគ្នា

មាស សុផាណារ៉ុង June 2, 2020


 

ឡាវ៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសពីការប្រកួតរដូវកាលថ្មី ២០២០ នៃលីគកំពូលឡាវ ដោយគ្រោងប្រកួតនៅខែក្រោយបន្ទាប់ពីពន្យាពេលចាប់ផ្ដើម ជាច្រើនខែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ឡាវ ដដែល ការប្រកួតរដូវកាល ២០២០ នៃលីគកំពូលឡាវ នឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយមានក្រុមចំនួន ៧ចូលរួមប្រកួត ជាមួយនឹងការប្រកួតចំនួន ២ជើង ហើយធ្វើការប្រកួតនៅកីឡដ្ឋានតែមួយប៉ុណ្ណោះ គឺកីឡដ្ឋានជាតិ 16 KM National Stadium។

ជាមួយគ្នាផងដែរ ក្លិបទាំង ៧នៃលីគកំពូលឡាវ រដូវកាល២០២០ នេះ នឹងទទួលបានទឹកប្រាក់ ៩០លានគីព (ប្រហាក់ប្រហែល ១ម៊ឺនដុល្លារអាមេរិក) ដែលជាទឹកប្រាក់ផ្ដល់ដោយសហព័ន្ធសម្រាប់ការគាំទ្រការប្រកួតក្នុងលីគ ជាមួយនឹងការផ្ដល់ឲ្យជា ២ដំណាក់កាល ដំណាក់កាលទី១ ទទួលបាន ៦០លានគីព បន្ទាប់ពីក្លិបចុះឈ្មោះប្រកួតរួចរាល់ និង ៣០លានគីព ទៀតនៅក្រោយបញ្ចប់រដូវកាល។

គួរដឹងដែរថា លីគកំពូលឡាវ នាប៉ុន្មានឆ្នាំចុងក្រោយហាក់ពិបាកក្នុងការរកក្រុមចូលរួមប្រកួតប្រជែង ពោលគឺចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីមានក្រុមដល់ទៅ ៦ ក្នុងចំណោម ១៤ក្រុម បានប្រកាសដកខ្លួនចេញពីលីគ ដោយសារតែរឿងអាស្រូវពុករលួយនៃការគិតលទ្ធផលទុកជាមុនក្នុងក្រុមជម្រើសជាតិ (កីឡាករជាច្រើនត្រូវបាន FIFA ពិន័យមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត) និងបញ្ហាផ្ទៃក្នុងជាច្រើនទៀត នៅក្នុងបាល់ទាត់នៃប្រទេសឡាវ ចាប់តាំងពីពេលនោះមកមានក្រុមច្រើនបំផុត ៨ក្រុម និងរដូវកាលខ្លះត្រឹមតែ ៦ក្រុម ប៉ុណ្ណោះចូលរួមប្រកួត ដែលបានធ្វើឲ្យលីគបាល់ទាត់ប្រទេសនេះកាន់តែធ្លាក់ប្រជាប្រិយភាព សូម្បីតែប្រជាជនឡាវខ្លួនឯងផ្ទាល់ ក៏បាត់បង់ការនិយមទស្សនាផងដែរ បើធៀបទៅនឹងអំឡុងឆ្នាំ ២០១៤, ២០១៥ និង២០១៦ ដែលជាឆ្នាំបាល់ទាត់មានសម្ទុះខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់