លីគជប៉ុន មានគម្រោងបែងចែកតំបន់ឲ្យក្រុមក្បែរៗខាងគ្នាប្រកួតគ្នាសិន ដើម្បីជៀងវាងការធ្វើដំណើរច្រើនកាត់បន្ថយការឆ្លងកូវីដ-១៩

មាស សុផាណារ៉ុង May 28, 2020


 

ជប៉ុន៖ លីគបាល់ទាត់ជប៉ុន (J-League) ត្រូវបានប្រភពព័ត៌មានជាច្រើនរាយការណ៍កាលពីថ្ងៃពុធថា កំពុងពិចារណាលើផែនការមួយដើម្បីបែងចែកតំបន់សម្រាប់ប្រកួតក្រុមក្បែរៗខាងគ្នាប្រកួតសិន ទៅជាផ្នែកខាងកើត និងខាងលិច ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

តាមការឲ្យដឹងពីមន្ត្រីនៃលីគបាល់ទាត់ជប៉ុន បានស្នើការផ្លាស់ប្តូរនេះក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរូណា ដោយទប់ស្កាត់ការធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយ ហើយប្រសិនបើត្រូវបានអនុវត្ត ការបែងចែកនឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប្រហែលមួយខែដំបូង បន្ទាប់ពីការចាប់ផ្តើមការប្រកួតឡើងវិញនៃលីគបាល់ទាត់ជប៉ុន ដែលត្រូវបានគេរាយការណ៍ថាអាចនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា ឬថ្ងៃទី០៤ ខែកក្កដា។

រដ្ឋាភិបាលជប៉ុន ទើបតែបានលុបចោលការដាក់ប្រទេសក្នុងភាពអាសន្នទូទាំងប្រទេស កាលពីថ្ងៃចន្ទ ដោយនេះជាការបើកផ្លូវសម្រាប់ការបន្តលីគ គ្រាដែលលីគគ្រោងនឹងកំណត់កាលបរិច្ឆេទនៃការប្រកាសពីការកែប្រែកាលវិភាគរបស់ខ្លួន បន្ទាប់ពីការប្រជុំរបស់នាយកប្រតិបត្តិ នៅថ្ងៃសុក្រខាងមុខ។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ជាច្រើនរួមទាំងក្រុមម្ចាស់ការពារតំណែងជើងឯកលីគ Yokohama F Marinos និងក្រុមជើងឯករង FC Tokyo នឹងត្រូវបានដាក់ជាក្រុមនៅតំបន់ខាងកើត រួមជាមួយនឹងក្លិបដែលស្ថិតនៅជាប់ ភាគខាងកើត និងភាគឥសាន។ ក្លិបដែលមានមូលដ្ឋាននៅអាណាខេត្ត Shizuoka ដូចជា Shimizu S-Pulse, Nagoya Grampus និងក្លិបមានមូលដ្ឋាននៅភាគខាងលិច និងភាគនិរតី មួយចំនួនទៀតអាចនឹងប្រកួតនៅតំបន់ខាងលិច។

អ្នករៀបចំការប្រកួតខាប់ (Levain Cup) កំពុងពិនិត្យឡើងវិញនូវផែនការបែងចែកភូមិសាស្ត្រ ក្រុមទាំង១៥ ដែលចូលរួមប្រកួតដែលមិនចូលរួមក្នុងព្រឹត្តិការណ៍ Asian Champions League ឆ្នាំនេះ។ នៅក្នុងសំណើរនោះក្រុមចំនួន៥ ដែលបែងចែកចេញជា ៣ពូល នឹងត្រូវរៀបចំឲ្យរួមពូលជាមួយក្រុមដែលមានមូលដ្ឋាននៅក្បែរៗគ្នា៕

 

ប្រភព៖ english.kyodonews.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់