កីឡាការិនីជម្រើសជាតិឥណ្ឌា មួយរូបប្រែមកពាក់ឯកសណ្ឋាននគរបាល ដើម្បីទប់ស្កាត់កូវីដ១៩

មាស សុផាណារ៉ុង May 27, 2020


 

ឥណ្ឌា៖ ការបិទការធ្វើដំណើរនៅទូទាំងប្រទេស បានប្រែក្លាយជារឿងដែលមិនធ្លាប់មាននៅទូទាំងប្រទេសឥណ្ឌា ឲ្យក្លាយទៅជាភាពស្ងប់ស្ងាត់ ដើម្បីការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសាកល។

យ៉ាងណាមិញស្ថិតនៅលើដងផ្លូវមួយចំនួនដែលពោរពេញទៅដោយប៉ូលីស ដែលគួរឲ្យភ្ញាក់ផ្អើល គឺមានសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌា កីឡាការិនី Indumathi Kathiresan ដែលធ្លាប់តែពាក់ឯកសណ្ឋានកីឡារបស់ក្រុមជម្រើសជាតិ ប្រែប្ដូរមកជាការពាក់ឯកសណ្ឋាននគរបាលវិញ ក្នុងកាតព្វកិច្ចដើម្បីប្រទេសជាតិដូចគ្នា តែក្នុងន័យជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេ លំដាប់ទី២ នៅលើពិភពលោកមួយនេះ។

កីឡាការិនីរូបនេះបានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា the-aiff.com ថា៖ «វាជាស្ថានភាពលំបាកសម្រាប់ប្រទេសទាំងមូល។ ប៉ុន្តែការប្រុងប្រយ័ត្នដែលចាំបាច់ គឺសំខាន់បំផុតចំពោះសុវត្ថិភាពទាំងអស់គ្នា។ យើងព្យាយាមធ្វើឲ្យប្រាកដថាអ្នករាល់គ្នាកំពុងអនុវត្តតាមគោលការណ៍ណែនាំ ដោយគ្មាននរណាម្នាក់ចេញទៅខាងក្រៅដោយមិនចាំបាច់នោះទេ។»

ក្នុងនាមជាកីឡាការិនីបាល់ទាត់មួយដែលលេងនៅកម្រិតខ្ពស់បំផុត នេះមិនមែនជារឿងចម្លែកទៅនឹងជីវិតដែលត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងការរឹតបន្តឹងសម្រាប់ Indu ឡើយ។ ទោះយ៉ាងណាការបិទប្រទេសនេះមានន័យថា នាងត្រូវតែអនុវត្តតាមទម្លាប់ម៉ឺងម៉ាត់ដែលនាងត្រូវរាយការណ៍អំពីកាតព្វកិច្ចនៅម៉ោង ៧ព្រឹក ហើយត្រូវបន្តដើរល្បាតតាមដងផ្លូវរហូតដល់ជិតពាក់កណ្តាលអធ្រាត្រជារៀងរាល់ថ្ងៃ។

«វាជាពេលវេលាដែលចាំបាច់សម្រាប់ខ្ញុំផ្ទាល់។ ខ្ញុំមានពេលវេលាដើម្បីធ្វើអ្វីផ្សេងទៀត។ ក្នុងគ្រាលំបាកបែបនេះ ជាទូទៅអ្នកចង់ចំណាយពេលខ្លះជាមួយគ្រួសារអ្នក ប៉ុន្តែខ្ញុំមិនមានឱកាសច្រើនដើម្បីធ្វើដូច្នេះទេ។ វាជាការអំពាវនាវមួយសម្រាប់ប្រទេសជាតិ។ ខ្ញុំត្រូវធ្វើដើម្បីជាតិជារៀងរាល់ថ្ងៃក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ហើយខ្ញុំត្រូវតែឆ្លើយតបឲ្យបានរហ័ស។» Indumathi Kathiresan បានបន្ថែម។

ទោះបីជាមានការលំបាកបែបនេះក៏ដោយ ក៏កីឡាការិនីដែលឈ្នះស្បែកជើងមាសរួម ក្នុងពានរង្វាន់ជើងឯកស្ត្រីប្រចាំតំបន់អាស៊ីកណ្ដាល (2019 SAFF Women’s Championship) កាលពីឆ្នាំ២០១៩ រូបនេះ មានអារម្មណ៍ថាមានកិត្តិយសដែលបានបម្រើប្រទេសរបស់នាងតាមរបៀបណាដែលនាងអាចធ្វើបាន។

«ពិតណាស់វាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានលេងឲ្យប្រទេសឥណ្ឌា។ មានពេលខ្លះនៅក្នុងសម្លៀកបំពាក់របស់ជម្រើសជាតិនារីឥណ្ឌា ដូចជានៅពេលដែលយើង បានឡើងការប្រកួតជម្រុះអូឡាំពិក ជុំទី២ ឬនៅពេលដែលយើងបានឈ្នះពានរង្វាន់ SAFF Championship កាលពីឆ្នាំមុន … ខ្ញុំនឹងមិនភ្លេចពេលវេលាទាំងនេះទេ។ ប៉ុន្តែខ្ញុំក៏មានមោទនភាពផងដែរក្នុងការបម្រើប្រទេសនៅក្នុងឯកសណ្ឋានប៉ូលីសរបស់ខ្ញុំ នៅពេលដែលប្រទេសត្រូវការយើងបំផុត។ ខ្ញុំនឹងបន្តបម្រើដរាបណាប្រជាជាតិរបស់ខ្ញុំត្រូវការខ្ញុំបម្រើ។»

គួរដឹងដែរថា កីឡាការិនីវ័យ ២៥ឆ្នាំ ដែលបានឈ្នះពានរង្វាន់លីគស្ត្រីឥណ្ឌា (Indian Women’s League) ជាមួយក្រុម Sethu FC កាលពីរដូវកាលមុន សង្ឃឹមថាការខិតខំប្រឹងប្រែងរបស់នាងក្នុងឯកសណ្ឋានប៉ូលីសក្នុងអំឡុងពេលមានអាសន្ននេះ នឹងជួយឲ្យប្រជាជនយល់ពីសារៈសំខាន់នៃការប្រុងប្រយ័ត្នចាំបាច់ដើម្បីការពារការឆ្លងវីរុសនេះ៕

 

ប្រភព៖ the-aiff.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់