វៀតណាម កំពុងលំបាកក្នុងការរកគូប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយ គ្រាដែលកូវីដ-១៩ នៅអាស៊ីមិនទាន់ធូរស្បើយ

មាស សុផាណារ៉ុង May 26, 2020


 

វៀតណាម៖ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅទ្វីបអាស៊ី បានធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) មានការលំបាកក្នុងការស្វែងរកគូប្រកួតមិត្តភាព សម្រាប់ក្រុមជម្រើសជាតិវៀតណាម មុនដំណាច់ឆ្នាំនេះ។

ចែករំលែកជាមួយអ្នកសារព័ត៌មានដែលស្រង់ចេញពីសារព័ត៌មាន zingnews.vn នាព្រឹកថ្ងៃទី២៥ ខែឧសភា អគ្គលេខាធិការ Le Hoai Anh បានឲ្យដឹងថា៖ «VFF សកម្មខ្លាំងណាស់ក្នុងការរៀបចំផែនការប្រកួតសម្រាប់ក្រុមវៀតណាម នាខែតុលា និងវិច្ឆិកា។ ស្ថានភាពរាតត្បាតនៅក្នុងប្រទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ ប៉ុន្តែស្ថានភាពនៅក្នុងតំបន់នៅតែពិបាក។ យើងនឹងខិតខំប្រឹងប្រែងចាប់ពីពេលនេះតទៅ រកគូប្រជែង និងផ្តល់ឱកាសដល់ប្រទេសវៀតណាមដើម្បីរៀបចំការប្រកួតនៅពេលដែលប្រទេសមានការគ្រប់គ្រងជំងឺបានល្អ។»

ការលំបាកក្នុងការស្វែងរកគូប្រកួតមិត្តភាព របស់ក្រុមជម្រើសជាតិវៀតណាម គឺជាបញ្ហាដែលបានលេចឡើងនៅដើមឆ្នាំនេះ បន្ទាប់ពីការរីករាលដាលនៃ Covid-19 បានរីករាលដាលទូទាំងពិភពលោក។ គ្រូបង្វឹក Park Hang-seo និងក្រុមរបស់លោក មានគម្រោងប្រកួតមិត្តភាពជាមួយ ជម្រើសជាតិអ៊ីរ៉ាក់ នៅខែមីនា ប៉ុន្តែត្រូវបានស្នើសុំលុបចោលការប្រកួតនេះ។ ក្រោយមកជាមួយ កៀហ្ស៊ីស៊ីស្ថាន ក៏លុបចោលដូចគ្នា។

មិនត្រឹមតែជម្រើសជាតិវៀតណាម ក្រុមធំប៉ុណ្ណោះទេ ក្រុមយុវជនក៏មានការលំបាកក្នុងការរក្សាការប្រកួតប្រជែងផងដែរ។ U19 វៀតណាម មិនអាចចូលរួមការប្រកួតពានរង្វាន់ដែលគេរំពឹងថានាំផលឲ្យក្រុមបានច្រើន នៅប្រទេសបារាំងបានទេ។ ការរៀបចំសម្រាប់ព្រឹត្តិការណ៍ ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ២០២០ (2020 Asian U19 Championship) ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរនៅពេលដែលការប្រកួត U-19 ថ្នាក់ជាតិត្រូវបានពន្យារពេលជាបន្តបន្ទាប់។

គុណប្រយោជន៍គឺថា លីគបាល់ទាត់អាជីពនៅវៀតណាម វិលត្រលប់មកវិញហើយ។ លីគកំពូលវៀតណាម (V.League) គឺជាលីគបាល់ទាត់ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលវិលត្រឡប់មកវិញហើយអនុញ្ញាតឲ្យអ្នកទស្សនាចូលទស្សនាថែមទៀតផង។ VFF បានបញ្ជាក់ថា ពួកគេនឹងរកមធ្យោបាយត្រៀម និងបញ្ចប់ផែនការហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិ មុនការប្រកួតបាល់ទាត់ពិភពលោក វគ្គជម្រុះ និងពានជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup)៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់