អ្នកគាំទ្រវៀតណាម សម្រុកទិញសំបុត្រចូលទស្សនាបាល់ទាត់ពានខាប់ល្ងាចនេះ ដោយបំពានការរក្សាគម្លាតសង្គម

មាស សុផាណារ៉ុង May 23, 2020


 

វៀតណាម៖ អ្នកគាំទ្រពាក់កណ្ដាលកីឡាដ្ឋាន នឹងត្រូវអនុញ្ញាតឲ្យចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតទី២ ប្រចាំប្រទេស (National Cup) រវាងក្លិប Duoc Nam Ha Nam Dinh និង Hoang Anh Gia Lai នៅថ្ងៃសៅរ៍នេះ។

លោក Tran Thai Toan ប្រធានក្លិបក្រុមម្ចាស់ផ្ទះ Nam Dinh បានមានប្រសាសន៍ថា៖ «ក្លិបបានសំរេចចិត្តអនុញ្ញាតឲ្យអ្នកទស្សនានៅក្នុងការប្រកួត ដើម្បីធ្វើឲ្យការប្រកួតមិនសូវមានភាពធុញទ្រាន់។»

នេះជាការប្រកួតលើកដំបូងដើម្បីស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋាន បន្ទាប់ពីប្រទេសវៀតណាម រងការវាយប្រហារដោយជំងឺរីករាលដាល Covid-19 ដោយលីគកំពូលវៀតណាម ត្រូវបានពន្យារពេលចាប់តាំងពីពាក់កណ្តាលខែមីនា បន្ទាប់ពីលេងជាច្រើនប្រកួតដោយគ្មានអ្នកទស្សនា។

សេចក្ដីរាយការណ៍បានបញ្ជាក់ផងដែរថា សំបុត្រត្រូវបានគេប្រកាសដាក់លក់នៅម៉ោង ៣:៣០នាទី ប៉ុន្តែអ្នកគាំទ្របានមកដល់មុនកាលកំណត់ ហើយថែមទាំងបំពានបំរាមការរក្សាគម្លាតសង្គម ថែមទៀតផង ដើម្បីបញ្ជ្រៀតគ្នាទិញសំបុត្រចូលទស្សនាការប្រកួតដដែលនេះ។

ការប្រកួតនឹងចាប់ផ្តើមនៅកីឡដ្ឋាន Thien Truong នៅខេត្ត Nam Dinh ភាគខាងជើង នៅវេលាម៉ោង ៦ល្ងាច។ នេះជាការប្រកួតបើកឆាកនៃវគ្គជម្រុះបាល់ទាត់ជាតិ ឆ្នាំ២០២០ (National Cup) យ៉ាងណាមិញដើម្បីធានាបានចម្ងាយរវាងអ្នកគាំទ្រ អ្នករៀបចំកម្មវិធីនឹងលក់តែចំនួនសំបុត្រជាក់លាក់ប៉ុណ្ណោះ ដើម្បីបំពេញបានចំនួនពាក់កណ្តាលនៃកីឡាដ្ឋាន។ សរុបទៅមានតែសំបុត្រ ១០,០០០ សន្លឹកប៉ុណ្ណោះដែលអាចរកបាន។ ជាធម្មតា កីឡាដ្ឋាន Thien Truong បើកតែ ៩០នាទីមុនការប្រកួត ប៉ុន្តែដោយសារកាលៈទេសៈបច្ចុប្បន្នពេលវេលានឹងកើនឡើងដល់ ១៥០នាទី ដើម្បីសម្រួលដល់ការត្រួតពិនិត្យកម្ដៅ៕

 

ប្រភព៖ zingnews.vn | vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់