លីគបាល់ទាត់អ៊ីរ៉ាក់ ត្រៀមត្រលប់មករកសកម្មភាពប្រកួតវិញនៅដើមខែកក្កដា

មាស សុផាណារ៉ុង May 22, 2020


 

អ៊ីរ៉ាក់៖ គណៈកម្មាធិការរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ាក់ បានប្រកាសថាក្របខ័ណ្ឌលីគកំពូលអ៊ីរ៉ាក់ (Iraqi Premier League) នឹងបន្តនៅថ្ងៃទី០៣ ខែកក្កដា។

ប្រធានគណៈកម្មាធិការ លោក Eyad Bonyan Mohammed Al-Nadawi បានមានប្រសាសន៍ថា៖ «នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់គុណប្រយោជន៍នៃបាល់ទាត់អ៊ីរ៉ាក់។ យើងមានទំនាក់ទំនងឥតឈប់ឈរជាមួយរដ្ឋាភិបាល ដើម្បីការពារសុវត្ថិភាពកីឡាករ បុគ្គលិកបច្ចេកទេស និងអាជ្ញាកណ្តាល។»

គណៈកម្មាធិការ កំពុងប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរជាក់លាក់ស្តីពីការវិវត្តនៃសុខភាពចុងក្រោយទាក់ទងនឹងជំងឺកូវី១៩ ដើម្បីការពារសុវត្ថិភាពដល់ប្រជាជនទាំងអស់នៅក្នុងសង្គម។

បញ្ជាក់ថា លីគកំពូលអ៊ីរ៉ាក់ ត្រូវបានផ្អាកកាលពីថ្ងៃទី១១ ខែមីនា ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។ ដោយក្លិប Al Nafit កំពុងស្ថិតនៅកំពូលតារាង មាន ១១ពិន្ទុ ដោយនាំមុខ ១ពិន្ទុលើក្រុមលេខ២ Quwa ក្នុងការប្រកួតទើបតែបាន ៥ប្រកួត។

គួរដឹងដែរថា នៅប្រទេសអ៊ីរ៉ាក់ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍ពីករណីឆ្លងនៃជំងឺកូវីដ-១៩ ចំនួន ៣,៨៧៧ករណី ក្នុងនោះការស្លាប់ចំនួន ១៤០ករណី និងការជាសះស្បើយ មានដល់ ២,៤៩៣ករណី និងនៅសល់ ១,២៥៤ករណី ក្នុងចំណោមប្រជាជនសរុបជាង ៤០លាននាក់៕

 

ប្រភព៖ the-afc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់