នៅសល់ ៦៣ករណីឆ្លងនៃជំងឺកូវីដ-១៩ លីគកំពូលប៉ាឡេស្ទីន ត្រៀមត្រលប់មកវិញយ៉ាងតិច ២សប្ដាហ៍ទៀត

មាស សុផាណារ៉ុង May 15, 2020


 

ប៉ាឡេស្ទីន៖ សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន បានសម្រេចបន្តលីគអាជីពនៅរដូវកាលនេះឡើងវិញ បន្ទាប់ពីកិច្ចប្រជុំដឹកនាំដោយលោកប្រធានសហព័ន្ធ ជាមួយក្លិបដែលពាក់ព័ន្ធ។

បាល់ទាត់ត្រូវបានផ្អាកនៅក្នុងប្រទេសប៉ាឡេស្ទីន កាលពីខែមីនា បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវី-១៩ ប៉ុន្តែក្រោយពីការប្រជុំនៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ វាត្រូវបានគេសំរេចចិត្តថា ក្លិបនឹងមានរយៈពេល ២សប្តាហ៍ដើម្បីត្រៀមសំរាប់ការបន្តការប្រកួតលីគកំពូលប៉ាឡេស្ទីន (Palestine Pro League) ដែលនៅសេសសល់ ៣ប្រកួតចុងក្រោយ។

ប្រធានសហព័ន្ធដដែល លោក Rajoub មានប្រសាសន៍ថា៖ «សហព័ន្ធកីឡាបាល់ទាត់ ចង់ធ្វើការជាមួយក្លិបនានាដើម្បីបញ្ចប់រដូវកាលបច្ចុប្បន្នចំពេលមានជំងឺរាតត្បាតនេះ។ យើងចង់ការពារអាយុជីវិតកីឡាករ និងការពារក្លិបក្នុងពេលតែមួយ។ ការបន្តការប្រកួតលីគគឺជាភាពចាំបាច់ ហើយវាជាការចាប់អារម្មណ៍របស់ក្លិបលីគ​ និងសហព័ន្ធ។»

លោក Rajoub បាននិយាយថា ក្លិបបានយល់ព្រមបន្តលីគដោយអនុលោមតាមគោលការណ៍ណែនាំរបស់អាជ្ញាធរសុខាភិបាល។ លោកបានបញ្ជាក់ថា៖ «នៅសល់ ៣ប្រកួតទៀតនឹងត្រូវលេង នៅក្នុងរយៈ ៣ថ្ងៃ ក្នុងមួយសប្តាហ៍។ យើងនឹងកំណត់កីឡដ្ឋាន ចំនួន៣ នៅភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង នៃប្រទេស ដែលការប្រកួតនឹងត្រូវធ្វើឡើងដោយបិទទ្វារ។»

បច្ចុប្បន្នក្រុម Markaz Balatah កំពុងនាំមុខក្នុងលីគដែលមាន ១២ក្រុមចូលរួមប្រកួតមួយនេះ ដោយមាន ៤២ពិន្ទុ ដាច់ ៧ពិន្ទុ លើក្រុមលេខ២ Markaz Shabab Al-Amari ខណៈក្រុមការពារតំណែងជើងឯក Hilal Alquds ឈរនៅលេខ៤ មាន ៣០ពិន្ទុ។

គួរដឹងដែរថា នៅប្រទេសប៉ាឡេស្ទីន គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍ពីករណីឆ្លងនៃជំងឺកូវីដ-១៩ ចំនួន ៣៧៥ករណី ក្នុងនោះការស្លាប់ចំនួន ២ករណី និងការជាសះស្បើយ មានដល់ ៣១០ករណី ក្នុងចំណោមប្រជាជនសរុបជាង ៥លាននាក់៕

 

ប្រភព៖ the-afc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់